ឯកឧត្តម លឹម គានហោ ចាត់តាំងមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យបន្ថែមលើស្ថានភាពជាក់ស្តែង និងសក្តានុពលទឹកក្នុងខេត្តកំពង់ធំ


ដើម្បីឈានទៅរៀបចំគម្រោងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើវិស័យធារាសាស្រ្តនៅកម្ពុជា របស់ធនាគារពិភពលោក ( WB ) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចាត់តាំងលោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស ឲ្យដឹកនាំក្រុមការងារចុះទៅកាន់ខេត្តកំពង់ធំ ដើម្បីពិនិត្យបន្ថែមលើស្ថានភាពជាក់ស្តែង និងសក្តានុពលទឹក ព្រមទាំងធ្វើការសិក្សា ចងក្រងគម្រោងដាក់បញ្ចូលទៅក្នុងគម្រោងយុទ្ធសាស្ត្រខាងលើ ។
សម្រាប់ខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃគម្រោងយុទ្ធសាស្ត្រនេះ ក្រុមការងារនឹងពង្រីកសក្តានុពលប្រព័ន្ធស្រោចស្រពលើផ្ទៃដី ៥០.០០០ ហិកតា នៅក្នុងក្រុងស្ទឹងសែន ស្រុកសន្ទុក និងស្រុកកំពង់ស្វាយ ដោយ ៖
១- រៀបចំអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តកំពង់គោ លើការងារ ៖
– ការសាងសង់ទំនប់កាត់ស្ទឹងសែន ត្រង់ចំណុចឃំុំកំពុងគោ មានប្រវែង ២៥០ ម បាតក្រោម ៨៥ ម ខ្នងលើ ៣៦ ម និងមានកំពស់ ១០,៥០ ម ។
– សាងសង់ប្រឡាយមេខ្នាតធំសំរាប់ដោះទឹក និងធ្វើការស្រោចស្រព មានប្រវែងសរុបប្រមាណ ២៥០ គម និងសំណង់សិល្បការធំតូចចំនួនជាង ៧០០ កន្លែង ។
២- រៀបចំប្រព័ន្ធបញ្ជូនទឹកពីប្រព័ន្ធធារាសាស្រ្តកំពង់គោ មកកាន់ប្រព័ន្ធធារាសាស្រ្តទំនប់ ៥មករា ប្រព័ន្ធធារាសាស្រ្តទំនប់គោកព្រះ និងប្រព័ន្ធធារាសាស្រ្តកោះបូរ ។ បន្ទាប់មកត្រូវរៀបចំការធ្វើអនុត្តរភាពធារាសាស្ត្រនៅប្រព័ន្ធទាំងបីនេះ ។
៣- សាងសង់ទំនប់ទំនប់កាត់ស្ទឹងសែន ត្រង់ចំណុចប្រសព្វគ្នារវាងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដើម្បីបង្កើតជាអាងទឹកដងកាំបិទ ។ ការសាងសង់អាងទឹកនេះ គឺដើម្បីកាត់បន្ថយជំនន់ស្ទឹងសែននៅរដូវវស្សាផង និងទាញយកទឹកមកបម្រើឲ្យការស្រោចស្រព ការប្រើប្រាស់នៅរដូវប្រាំងផង ៕