អភិបាលខេត្តកណ្ដាល ចែកប្លង់ដីរឹង ២,២៤១បណ្ណ ជូនប្រជាពលរដ្ឋចំនួន២ភូមិ នៅស្រុកល្វាឯម និងហាមយកលុយពីពលរដ្ឋ


(កណ្តាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋក្នុងភូមិថ្មគរ និងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធិរបស់ខ្លួន។

ស្ថិតក្នុងពិធីចែកវិញ្ញាបនបត្រកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានយកចិត្តទុកដាក់បំផុត លើការអនុវត្តកិច្ចការនេះកន្លងមក ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តរបស់យើងឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋគឺដើម្បីឱ្យប្រជាពលរដ្ឋយកទៅ បង្កបង្កើនផលសម្រាប់ទ្រទ្រង់ ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដីធ្លីទាំងអស់របស់ប្រជាកសិករដែលប្រើប្រាស់ជាលក្ខណៈគ្រួសារនឹងមិនត្រូវបានយកពន្ធនោះទេ។ ការធ្វើនេះលោកបានហាមប្រាមមន្ត្រីមិនឲ្យយកលុយពីពលរដ្ឋជាដាច់ខាត។

ស្ថិតក្នុងកម្មវិធីនេះដែរលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២២៤១បណ្ណ ចែកជូនប្រជាពលរដ្ឋ ទាំង ០២ភូមិ គឺភូមិថ្មគរ ចំនួន ១០២២បណ្ណ និងភូមិផ្លូវត្រី ចំនួន១២១៩បណ្ណ៕