សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យកម្មករ-កម្មការិនីទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ហើយកុំជឿតាមការញុះញង់របស់អ្នកណា


(ភ្នំពេញ)៖ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៩នៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បន្តអំពាវនាវឱ្យកម្មករ-កម្មការិនីទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ​ ដោយកុំជឿតាមការញុះញង់របស់បុគ្គលិកណាម្នាក់ដែលបានអំពាវនាវមិនឱ្យទៅបោះឆ្នោត។

ជំនួប​សំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ-កម្មការិនីសរុបជិត២ម៉ឺននាក់ នេះ បានធ្វើឡើងនៅទីតាំងដីមួយកន្លែង ក្នុងខណ្ឌ​ពោធិ៍សែន​ជ័យ​ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្តេចមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងអនុញ្ញាតឱ្យកម្មករ-កម្មការិនីទាំងអស់បានឈប់សម្រាករយៈពេលបី ចាប់ពី ថ្ងៃទី២២ ២៣ និង២៤ ខែកក្កដា ដោយ​ទទួលបានប្រាក់បៀវត្សដដែល។

សម្តេចតេជោ មានប្រសាសន៍បន្តថា៖ «សូមអំពាវនាវក្មួយទាំងអស់ ទៅចូលរួមបោះឆ្នោត ដែលបានឈប់សម្រាកនៅថ្ងៃទី២២ ២៣ និង២៤ ខែកក្កដា ដោយមានប្រាក់បៀវត្ស។ បើអ្នកចុះឈ្មោះបោះឆ្នោតនៅភ្នំពេញ គឺកាន់តែងាយស្រួល បានសម្រាកទាំងបីថ្ងៃ។ ទៅបើឆ្នោតឱ្យបានគ្រប់គ្នា កុំជឿទៅតាមការញុះញង់ ព្រោះនេះជាសិទ្ធិរបស់យើង។ ប្រទេសអូស្រ្តាលី អ្នកមិនទៅបោះឆ្នោតគឺផាកពិន័យឱ្យបង់ប្រាក់ តែចំពោះយើង គឺផាកតែអ្នកណាដែលរារាំងគេមិនឱ្យទៅបោះឆ្នោតទេ»

ទន្ទឹមគ្នានេះ សម្តេចតេជោ បានអំពាវនាវដល់កម្មករ-កម្មការិនីទាំងអស់ ទាំងគ្នា រួមគ្នាការពារសន្តិភាព ដែលបានកសាងមកទាំងលំបាក និងការពារនូវអ្វីដែលជាសមិទ្ធផលរបស់សង្គមជាតិ ដែលបានកសាងរួមគ្នា​ ខណៈរាជរដ្ឋាភិបាល នឹងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីទាក់ទាញវិនិយោគិនមកបន្ថែមទៀតទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា​ ព្រមទាំងបន្តគិតគូរពីផលប្រយោជន៍របស់កម្មករទាំងអស់ផងដែរ។

ជាមួយគ្នានេះ សម្តេចថែមទាំងបាន ថ្លែងអំណរគុណចំពោះឪពុកម្តាយ ក្រុមគ្រួសារ កម្មករ កម្មការិនីទាំងអស់ ដែលបានរួមចំណែកជាមួយគណបក្សប្រជាជនកម្ពុជាជាហូរហែរតាំងពីដើម៕