យុទ្ធនាការបរិច្ចាកឈាម ដើម្បីសង្គ្រោះជីវិត លើកទី៥ ឆ្នាំ២០២៣


ឯកឧត្តម វេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងចុះពិនិត្យការផ្តល់ឈាម ការផ្ដល់សេវាពិនិត្យសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យ សិស្សនិស្សិត និងប្រជាពលរដ្ឋស្ម័គ្រចិត្ត ដើម្បីជួយសង្រ្គោះអ្នកជម្ងឺដែលជួបប្រទះការខ្វះខាតឈាមក្នុងការសង្រ្គោះជីវិតក្រោមប្រធានបទ (យុទ្ធនាការបរិច្ចាកឈាម ដើម្បីសង្គ្រោះជីវិត លើកទី៥ ឆ្នាំ២០២៣) ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ កុប ម៉ារីយ៉ាស់ អ្នកតំណាងរាស្ដ្រខេត្តកំពង់ឆ្នាំង ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរដែនដី និងសហការីជាច្រើនរូបទៀត ក្រោមកិច្ចសហការរៀបចំដោយ សមាគមគ្រូពេទ្យអុីស្លាមកម្ពុជា នឹងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ស្ថិតនៅគ្លីនិកមិត្តភាព ភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោក វេជ្ជ. សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម មានប្រសាសន៍ថា បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឲ្យយុវជន ប្រជាជនទូទៅចូលរូមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាមនៅទូទាំងប្រទេសដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង និងមិនប្រកាន់ជាតិសាសន៍ ឬសាសនា។ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្តទៅនឹងសកម្មភាពមនុស្សធម៌ក្នុងសង្គម។សូមចងចាំថាការបរិច្ចាកឈាមមិនប៉ះពាល់ដល់សុខភាពទេ។ សូមកុំរង់ចាំដល់វេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាមបែរជាហួសពេល ។
ឯកឧត្តម វេជ្ជ. សុះ មុះសិន បានមានប្រសាសន៍ថា ៖ ការផ្តល់ឈាមគឺជាកិច្ចការមនុស្សធម៌មួយដែលប្រជាពលរដ្ឋកម្ពុជាយើងត្រូវយកចិត្តទុកដាក់ ព្រោះឈាមដែលយើងធ្វើការបរិច្ចាកនាថ្ងៃនេះ គឺជាទឹកចិត្តដ៏ជ្រះថ្លា សម្រាប់ជួយសង្រ្គោះជីវិតរបស់អ្នកដែលរងគ្រោះដោយឧប្បដិហេតុផ្សេងៗ ដែលកំពុងដង្ហោយរកការសង្រ្គោះពីយើងទាំងអស់គ្នា ក្នុងនាមយើងជាជនរួមជាតិ ត្រូវតែហ៊ានលះបង់មនសិកាដ៏ល្អរបស់យើង ក្នុងការជួយសង្រ្គោះគ្រាមានអាសន្នមកដល់ ហើយការបរិច្ចាកឈាម គឺយើងអាចផ្លាស់ប្តូរនូវកោសិកាឈាមចាស់ ផ្លាស់យកកោសិកាឈាមថ្មី ធ្វើឲ្យយើងមានសុខភាពល្អផងដែរ ។ ឯកឧត្តម បានបន្ដថា យុទ្ធនាការសម្រាប់ឆ្នាំ២០២៣ នេះបានបង្ហាញឲ្យឃើញថា យុវជន សិស្សនិស្សិត និងប្រជាពលរដ្ឋ ស្ម័គ្រចិត្តជាច្រើនបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការបរិច្ចាគឈាមហើយពួកគាត់ពិតជាសប្បាយរីករាយក្នុងការផ្តល់ឈាមដើម្បីចូលរួម សង្គ្រោះអាយុជីវិត ហើយការផ្តល់ឈាម មិនធ្វើឲ្យយើងបាក់កម្លាំងខ្សោះពីក្នុងខ្លួន បណ្តាលមកពីការផ្តល់ឈាមលើសកម្រិតកំណត់ យើងដឹងហើយថានៅតាមមន្ទីរពេទ្យរដ្ឋ ឯកជន និងមណ្ឌលសុខភាពនៅទូទាំងប្រទេស គឺមានការខ្វះខាតឈាមយ៉ាងច្រើនក្នុងមួយថ្ងៃៗ ដោយនៅតាមមន្ទីរពេទ្យរដ្ឋ ឯកជន និងមណ្ឌលសុខភាពនានា តម្រូវការឈាមគឺមានកម្រិតខ្ពស់ដូចនេះ តម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ នាំគ្នាចូលរួមឲ្យបានសកម្មភាពក្នុងកិច្ចការនេះ ដើម្បីជួយស្រោចស្រង់អាយុជីវិត និងកាត់បន្ថយ អត្រាស្លាប់របស់អ្នកជំងឺឲ្យបានកម្រិតខ្ពស់បំផុត ។ ជាចុងក្រោយ ឯកឧត្តម និងលោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្លីនិករួមមិត្ត និងសប្បុរសជនផ្សេងៗទៀត ដែលបានឧបត្ថម្ភជាថវិការសម្រាប់ យុទ្ធនាការបរិច្ចាកឈាម ដើម្បីសង្គ្រោះជីវិត និងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រុមគ្រូពេទ្យ សិស្សនិស្សិត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួមស្ម័គ្រចិត្ត និងបរិច្ចាគឈាម ព្រមទាំងសហការគាំទ្រក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងនោះយុវជន យុវតីរបស់យើង ត្រូវចូលរួមចំណែកក្នុងកិច្ចការសង្គមបានយ៉ាងច្រើន លើកិច្ចការមនុស្សធម៌ រួមនិងការបរិច្ចាកឈាមដូចជាថ្ងៃនេះ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមសកម្មភាព មនុស្សធម៌ ឲ្យបានច្រើនទើបយើងឈ្វែងយល់ ពីតម្រូវការចាំបាច់ចំពោះមុខកាន់តែច្រើននិងស៊ីជម្រៅជាមុនផងដែរ ។សូមបញ្ជាក់ផងដែរថា នៅក្នុងយុទ្ធនាការបរិច្ចាកឈាមក្រោមប្រធានបទ (យុទ្ធនាការបរិច្ចាកឈាម ដើម្បីសង្គ្រោះជីវិត លើកទី៥ ឆ្នាំ២០២៣) ចំនួនបរិច្ចាកឈាម ៥២នាក់ ក្នុងនោះការផ្ដល់សេវាពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃប្រមាណជាង ៦០០នាក់ ដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ស្ដ្រីមានផ្ទៃពោះ ស្ដ្រីទើបសម្រាលបុត្រ រោគស្ដ្រី រោគក្រពះពោះវៀន សុខភាពមាត់ធ្មេញ ជំងឺភ្នែក ជំងឺសើស្បែក ។ល។

កមុ្មវិធីខាងលើប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣