តាកែវ៖ នៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តតាកែវ បានអញ្ជើញឆ្លៀតបន្តចុះជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានជាមួយ ប្រធានក្រុមការងារចុះជួយឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ ប៉ុស្ដិ៍នគរបាលរដ្ឋបាល យុវជនភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ ប៉ុស្ដិ៍នគរបាល មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ និងស្ដាប់បញ្ហាប្រឈមនានា ក្នុងមូលដ្ឋានឃុំពារាម ស្រុកបាទី ចំនួន៨៧នាក់ ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងបញ្ហាប្រឈមនានាដែលលើកឡើងដោយ លោកមេឃុំពារាម រួចមក ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានសម្ដែងការចូលរួមអបអរសាទរ និងថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបាន ខិតខំយកអស់កម្លាំងកាយចិត្ត ពេលវេលា ថវិកា ផ្ទាល់ខ្លួន បម្រើបងប្អូនប្រជាពលរដ្ឋ ដោយមិនខ្លាចហត់នឿយ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំ ក៏ដូចជាក្រើនរំលឹកទៅដល់មន្រ្តីមូលដ្ឋានភូមិឃុំ ដូចជា៖
– ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ ពង្រឹងសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លឿន ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់។
– ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួនឱ្យបានល្អក្លាយជាភូមិឃុំមានសុវត្ថិភាពជាពិសេសពង្រឹង បង្ការ បង្រ្កាបក្រុមក្មេងទំនើង នឹងរាល់បទល្មើសនានានៅតាមមូលដ្ឋាន ពោលធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។
– យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការយកចិត្តទុកដាក់ការព្យាបាលសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមានអកប្បកិរិយាល្អចំពោះអ្នកជំងឺផងដែរ ។
– យុវជនឃុំនឹងភូមិ ត្រូវបង្កើនសកម្មភាពឱ្យសកម្មលើការងាររបស់ខ្លួននៅក្នុងមូលដ្ឋាន ពិសេសត្រូវធ្វើកិច្ចការងារជាមួយចាស់ព្រឹទ្ធាចារ្យក្នុងមូលដ្ឋានដោយសហការគ្នាឱ្យបានល្អបនរសើរឡើង។
– ឪពុកម្តាយឬអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវធ្វើការអប់រំទូន្មានកូនសិស្ស កូនរបស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគាត់ក្លាយទៅជាកូនល្អ សិស្សល្អ និងមិត្តល្អ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយជាធនធានមនុស្សសម្រាប់បន្តវេណនាថ្ងៃអនាគត៕
ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ការគិតគូរនិងយកចិត្តទុកដាក់អំពីសុខទុក្ខ និងបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែលឿនរហ័សដោយទំនួលខុសត្រូវ វានឹងធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់យើងកាន់តែមានទំនុកចិត្ត និងបន្តគាំទ្រលោកអ៊ុជាមេឃុំមេភូមិថែមទៀត ម្យ៉ាងវិញទៀតទន្ទឹមនឹងការគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋ ហើយសូមអាជ្ញាធរមូលដ្ឋាន ធ្វើការអភិវឌ្ឍ ក្នុងមូលដ្ឋានរបស់ខ្លួនមានការរីកចម្រើនថែមទៀត ពិសេសត្រូវសហការគ្នាឱ្យល្អជាមួយនឹង បងប្អូន ប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាល ធ្វើយ៉ាងណាពង្រឹង លើការងារ ការពារ ថែរក្សា សន្តិសុខ សណ្តាប់ សាធារណៈ កាន់តែល្អរឹងមាំ ឱ្យមូលដ្ឋានរបស់យើងក្លាយជាមូលដ្ឋានដែលគ្មានបទល្មើសគ្រប់ប្រភេទ គ្មានល្បែងស៊ីសង ស្របតាមគោលនយោបាយភូមិឃុំមានសវុត្ថិភាព ៕