កំណាត់ផ្លូវជាតិលេខ២៣ ប្រវែងជិត២០គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានជួសជុល និងលើកកម្រិត ដោយចំណាយថវិកាជិត ២២លានដុល្លារ


(កណ្តាល)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកការដ្ឋានគម្រោងលើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកោះធំ និងស្រុកលើកដែក ខេត្តកណ្តាល ប្រវែងសរុប ១៩.៨៣គីឡូម៉ែត្រ ដែលគ្រោងប្រើថវិកាសរុបប្រមាណ ២១.៦៨លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី យូតសាណា វ៉ាម៉ា (Jyotsana Varma) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា លោក លោកស្រីសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ទៀត។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ២៣នេះ គឺជាផ្នែកមួយនៃផ្លូវជាតិលេខ២៣ ដែលជាខ្សែផ្លូវតភ្ជាប់រវាងខេត្តកណ្តាល និងខេត្តតាកែវ ដោយឆ្លងកាត់ស្រុកសំរោង ស្រុកព្រៃកប្បាស ស្រុកកោះធំ និងស្រុកលើកដែក។ នាពេលបច្ចុប្បន្ន ស្ថានភាពរបស់កំណាត់ផ្លូវជាតិលេខ២៣ ដែលតភ្ជាប់ពីស្រុកកោះធំទៅស្រុកលើកដែកនេះ ពុំទាន់មានការស្ថាបនាឱ្យល្អប្រសើរនៅឡើយនោះទេ ដោយកន្លែងខ្លះជាតម្រាយផ្លូវថ្មី កន្លែងខ្លះជាតម្រាយផ្លូវចាស់ ដែលចាំបាច់ត្រូវស្ថាបនាលើកកម្រិតឱ្យបានល្អប្រសើរ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងការតភ្ជាប់របស់បងប្អូនប្រជាពលរដ្ឋទៅ-មក ឆ្លងកាត់ស្រុកកោះធំ និងស្រុកលើកដែក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ១៩.៨៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ (ចាប់ពីគល់ស្ពានកោះធំ) រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្តលេខ១៤) នៃភូមិសាស្រ្តខេត្តកណ្តាល។ គម្រោងនេះនឹងត្រូវស្ថាបនាពង្រីកទទឹងតួផ្លូវ ប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូAC កម្រាស់ ៨សង់ទីម៉ែត្រ លើទទឹងតួផ្លូវ ប្រវែង ១០ម៉ែត្រ មានគន្លងសម្រាប់រថយន្ត និងគន្លងសម្រាប់ទោចក្រយានធ្វើចរាចរណ៍(២គន្លង ទៅ-មក)។

កំណាត់ផ្លូវជាតិលេខ២៣នេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ និងរយៈពេលថែទាំចំនួន ៣៦ខែ និងប្រើប្រាស់ថវិកាដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២១,៦៨លានដុល្លារអាមេរិក សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងដែរថា គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកកោះធំ និងស្រុកលើកដែក ខេត្តកណ្តាលនេះ គឺជាចំណងដៃថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាល ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹក ជញ្ជូនផ្សេងៗ ដែលនេះជាការឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍទៅមុខឥតឈប់ឈរនៃវិស័យហេដ្ឋារចនា សម្ព័ន្ធផ្លូវ-ស្ពាន និងការតភ្ជាប់ប្រទាក់ក្រឡាទៅដល់គ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ  អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងដែរថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ភាពឈ្លាសវៃ និងភាពប្រាកដនិយមខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស មានការអភិវឌ្ឍប្រកបដោយចីរភាពនិងសមធម៌ ប្រជាជនមាន ចំណេះដឹងខ្ពស់ មានជីវភាពនិងការរស់នៅប្រកបដោយភាពសុខដុមរមនា ជាពិសេសបាន ផ្លាស់ប្ដូរមុខមាត់ប្រទេសជាតិបានយ៉ាងឆាប់រហ័សរហូតទទួលបានសមិទ្ធផលជាច្រើនឥតគណនាគួរជាទីមោទនៈ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តថែរក្សាកេរិ៍្តដំណែលដែលកំពុងមាន និងបន្តចូលរួមជាមួយ រាជរដ្ឋាភិបាល តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានភាពចាស់ទុំជាងគេ និងរឹងមាំជាងគេ ហើយតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ដែលនឹងមកដល់នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីឱ្យរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែទទួលបានផ្លែផ្ការីកចម្រើនទៅមុខបន្ថែមទៀត៕