ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ នយោបាយឈ្នះឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឲ្យយកប្រយោជន៍ជាតិ និងប្រជាជនជាធំ លះបង់ចោលគំនុំសងសឹក


(ប៉ៃលិន)៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា នយោបាយឈ្នះឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឲ្យយកប្រយោជន៍ជាតិ និងប្រជាជនជាធំ និងលះបង់ចោលនូវគំនុំសងសឹករវាងខ្មែរ និងខ្មែរ។

ឯកឧត្តមបណ្ឌិត បានអះអាងថា ដោយសារ «នយោបាយឈ្នះឈ្នះ» ទើបយើងកសាងឡើងវិញបាននូវដួងព្រលឹងឯកភាពជាតិ ដែលបានបាត់បង់អស់រាប់ជំនាន់មកហើយ និងក៏ដោយសារតែនយោបាយឈ្នះឈ្នះ នេះផងដែរ ទើបយុវជនជំនាន់ក្រោយ លែងចាំបាច់ត្រូវហៅខ្មែរគ្នាឯង ថាជាខ្មែរក្រហម, ខ្មែរខៀវ, ឬ ខ្មែរមកពីក្រុម ឬតំបន់ណាមួយនោះ។ ដូច្នេះ យើងមិនត្រូវភ្លេចឡើយនូវតថភាពប្រវត្តិសាស្រ្តនេះ ហើយក្នុងនាមជាយុវជនគណបក្សប្រជាជនកម្ពុជា យើងត្រូវមានទស្សនៈមោះមុតក្នុងការការពារគ្រឹះសន្តិភាពនេះ ទោះក្នុងតម្លៃណាក៏ដោយ ពីព្រោះថាសន្តិភាព គឺជាអ្វីដែលយុវជនរៀមច្បងបានចូលរួមលះបង់ និងខិតខំរកដោយលំបាកបំផុត។

បើតាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត, យុវជនគ្រប់ស្រទាប់វណ្ណៈ មិនថាសិស្ស-និស្សិត ដែលកំពុងសិក្សា បញ្ចប់ការសិក្សា ឬកំពុងបំពេញការងារនោះទេ សុទ្ធតែមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល ជាពិសេសដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយជាប្រទេសដែលមាន ចំណូលខ្ពស់។ យើងនឹងអាចសម្រេចចក្ខុវិស័យនេះបាន, ប្រសិនយុវជនយើង សុទ្ធតែជាមូលធនមនុស្សប្រកបដោយចំណេះដឹង, ចំណេះធ្វើ, ជំនាញ និង គំនិតច្នៃប្រឌិត ហើបូករួមនឹង ឧត្តមគតិស្នេហាជាតិ។

ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីឲ្យកម្ពុជានៃយើង អាចឆាប់បានសម្រេចបានគោលដៅធំៗនានាកាន់តែឆាប់, យើងទាំងអស់គ្នាត្រូវ «មានឆន្ទៈ, ស្គាល់អត្តសញ្ញាណ និង មានក្តីសង្ឃឹម»៖ ទី១៖ មានឆន្ទៈ គឺមានគោលដៅច្បាស់លាស់, មានកម្លាំងចិត្ត ដើម្បីជម្នះឧបសគ្គ និងការលំបាក សំដៅឆ្ពោះទៅសម្រេចគោលដៅ។ ដូចគ្នានេះ មានឆន្ទៈជួយបក្ស គឺមានគោលដៅធ្វើឲ្យបក្សកាន់តែខ្លាំង, កាន់តែរឹងមាំ និងកាន់តែអាចមានឱកាសបម្រើប្រជាពលរដ្ឋក្នុងរយ:ពេលយូរអង្វែង, ទី២៖ ស្គាល់អត្តសញ្ញាណ គឺស្គាល់ថាខ្លួនឯងជាអ្នកណា និងមានគុណតម្លៃអ្វី ខណៈដែលអត្តសញ្ញាណរបស់បក្ស គឺ «របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន», ទី៣៖ មានក្ដីសង្ឃឹម គឺត្រូវតែមានសុទិដ្ឋិនិយមអំពីអ្វីដែលយើងកំពុងធ្វើ និងត្រូវធ្វើសកម្មភាពនានា ដើម្បីជ្រោមជ្រែងបក្ស, នាំបក្សទៅរកភាពជោគជ័យក្នុងការដឹកនាំប្រទេសប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕