សហរដ្ឋអាមេរិក នឹងរក្សាទុកដដែល នូវទំនាក់ទំនងពាណិជ្ជកម្ម ជាមួយកម្ពុជា


ទីក្រុងវ៉ាស៊ីងតោន ៖ ក្រោយពីបានដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំក្រុមប្រឹក្សាចម្រុះស្តីពីកិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគនិងពាណិជ្ជកម្មលើកទី៤ រវាងកម្ពុជានិងសហរដ្ឋអាមេរិក កាលពីថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៧ បានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដំណើរដោយឯកឧត្តម ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសហរដ្ឋអាមេរិក បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបពិភាក្សាការងារជាមួយ លោកជំទាវ Diane FARRELL ឧបការីរងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។
នៅក្នុងឱកាសនោះ លោកជំទាវ FARRELL បានថ្លែងថា កម្ពុជាមានវឌ្ឍនភាពលើគ្រប់វិស័យ ក្នុងនោះវិស័យវិនិយោគនិងពាណិជកម្មរបស់ខ្លួន បានធ្វើការកែទម្រង់ជាច្រើនផងដែរ ។ ក្នុងខណៈនោះផងដែរ លោកជំទាវ បានកោតសរសើរដល់ការរីកចម្រើនក្នុងវិស័យកម្មសិទិ្ធបញ្ញា ដោយសង្គត់ធ្ងន់លើការចូលជាសមាជិកនៃសន្ធិសញ្ញានានា ក៏ដូចជាការអភិវឌ្ឍច្បាប់និងការអនុវត្តច្បាប់កម្មសិទិ្ធបញ្ញា ដោយបានអនុវត្តយ៉ាងមានប្រសិទ្ធភាព លើការកំចាត់ចោលនូវទំនិញក្លែងក្លាយ ដូចជា ស៊ីឌី វីស៊ីឌី ម៉ាស៊ីនថតចម្លង ថ្នាំពេទ្យ ។ល។
លោកជំទាវ ក៏បានជម្រាបគណៈប្រតិភូកម្ពុជា អំពីគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាល លោកប្រធានធិបតី Donald J. Trump ស្តីពីការធ្វើពាណិជ្ជកម្មប្រកួតប្រជែងមានលក្ខណៈស្មើភាពគ្នា ដូចបច្ចុប្បន្នសហរដ្ឋអាមេរិក មានឱនភាពពាណិជ្ជកម្មជាមួយបណ្តាប្រទេសមួយចំនួន ដូចជា៖ ចិន ជប៉ុន កូរ៉េខាងត្បូង កាណាដា មិកស៊ិកូ ឥណ្ឌូនេស៊ី ថៃឡង់ដ៏ ដែលមានតម្លៃចាប់ពី ១០ ដល់ ៣០ ប៊ីល្លានដុល្លារអាមេរិក ។ សហរដ្ឋអាមេរិកនឹងធ្វើការចរចាឡើងវិញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសដៃគូរបស់ខ្លួនក្នុងនោះរួមមាន កាណាដា មិកស៊ិកូ ជប៉ុន កូរ៉េខាងត្បូង ។
ដោយឡែក សម្រាប់ប្រទេសកម្ពុជា សហរដ្ឋអាមេរិកមិនមានបំណងចាត់វិធានការណាថ្មីនោះទេ ពោលគឺរក្សាស្ថានភាពទាក់ទងពាណិជ្ជកម្មដដែល ព្រោះទំហំពាណិជ្ជកម្ម ដែលកម្ពុជាបាននាំចូលមកសហរដ្ឋអាមេរិក មានទឹកប្រាក់តែពី ០២-០៣ ប៊ីល្លានដុល្លារតែប៉ុណ្ណោះ។ បន្ថែមពីនេះទៀត រដ្ឋបាលលោកប្រធានាធិបតី Trump បានចាត់ទុកថា បណ្តាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន ក្នុងនោះរួមមាន ចិន កូរ៉េ ជប៉ុន កម្ពុជា ជាដើម ។ លោកជំទាវ បានបន្តថានឹងជួយដល់កម្ពុជា ក្នុងការកសាងធនធានមនុស្ស និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មនៅកម្ពុជា ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណនូវការកោតសរសើររបស់ លោកជំទាវ និងបានជម្រាបអំពីស្ថានភាពនយោបាយមានស្ថេរភាព កំណើនសេដ្ឋកិច្ចរឹងមាំ ការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក និងតំបន់ ភាពក្រីក្របានកាត់បន្ថយ ។ល។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើសុំឲ្យលោកស្រីជួយជំរុញសហគ្រាសធុនតូចសហរដ្ឋអាមេរិកទៅធ្វើការវិនិយោគនៅកម្ពុជា នៅក្នុងនោះរួមមាន វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យផ្សេងទៀត ការផ្តល់ជំនួយបច្ចេកទេសក្នុងការអនុវត្តច្បាប់កម្មសិទិ្ធបញ្ញា ច្បាប់ការប្រគួតប្រជែង ច្បាប់សុវតិ្ថភាពចំណីអាហារ ច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិក ច្បាប់ឧបាស្រ័យពាណិជ្ជកម្ម និង បណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ផងដែរ ។