ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២-២០២៣


(ត្បូងឃ្មុំ)៖ ដើម្បីចំរាញ់យកក្រុមកីឡាករ កីឡាការីនី មានសមត្ថភាព បច្ចេកទេសខ្ពស់ ទេពកោសល្យ ត្រៀមចូលរួមប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ជាតិ មន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំសិក្សា២០២២-២០២៣ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា នៅបរិវេណទីលានបាល់ទាត់ក្រុងសួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ់អស់រយៈពេល០៥ថ្ងៃរួចមក នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីបិទ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុននោះក៏មានការអញ្ជើញចូលពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកីឡាករ កីឡាការីនី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកកម្ពស់វិស័យកីឡា ជាពិសេសក្នុងគ្រាដែលកម្ពុជាជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជោគជ័យទទួលបានលទ្ធផលមេដាយមាសយ៉ាងច្រើនសន្ធឹកសន្ធាប់នាពេលកន្លងមក ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្តេជ្ញាចិត្តខ្ពស់ នឹងខិតខំប្រឹងប្រែងកំណែទម្រង់គ្រប់ទិដ្ឋភាពទាំងក្នុងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌបច្ចេកទេស ដោយផ្អែកលើគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ផែនការឆ្ពោះទៅមុខ ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ កីឡាសម្រាប់ការហាត់ហ្វឹកហ្វឺន ការបណ្តុះបណ្តាលធនធានមនុស្ស ទាំងបរិមាណ និងគុណភាព និងការរៀបចំប្រកួតកីឡាគ្រប់ប្រភេទប្រកបដោយស្តង់ដា ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាលខេត្ត កងកម្លាំងសមត្ថកិច្ច ព្រមទាំងថ្នាក់ដឹកនាំប្រតិភូកីឡាក្រុង/ស្រុក ដែលបានសហការគ្នារៀបចំការប្រកួតដោយទទួលបានលទ្ធផលល្អ និងប្រព្រឹត្តទៅយ៉ាងរលូនស្របតាមកម្មវិធីដែលបានគ្រោងទុក អស់រយៈពេល៥ថ្ងៃពេញ ។

បន្ថែមពីនោះ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរនិងផ្ដាំផ្ញើដល់កីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតត្រូវគោរពយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុង វិន័យ សេចក្ដីថ្លៃថ្នូរ ដោយមិនត្រូវមានបង្កបញ្ហាផ្សេងៗ រហូតធ្វើឲ្យការប្រកួតនេះទទួលបានដំណើរការល្អក្នុងការបិទបញ្ចប់ការប្រកួតដោយជោគជ័យជាស្ថាពរ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ជាពិសេសគួរយកពេលវេលាលេងកីឡា ប្រសើរជាងយកពេលវេលាទៅប្រើប្រាស់មិនបានត្រឹមត្រូវ ឬប្រព្រឹត្តអបាយមុខផ្សេងៗ ដែលបង្កឲ្យមានផលប៉ះពាលដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ ក្នុងនោះត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៏ ពាក់មួកសុវត្តិភាពពេលជិះម៉ូតូ ពាក់ខ្សែក្រវ៉ាត់ពេលបើក និងជិះរថយន្ត ត្រូវចេះយោគយល់ អធ្យាស្រ័យពេលធ្វើដំណើរ បញ្ជៀសអោយបានការបង្កគ្រោះថ្នាក់ដោយយថាហេតុផងដែរ ។