អភិបាលខេត្តត្បូងឃ្មុំ បន្តជួបសំណេះសំណាល កម្មករនិយោជិតប្រមាណ១៤០០នាក់ នៅក្រុមហ៊ុនចំនួន០២ ក្នុងក្រុងសួង និងស្រុកអូររាំងឪ


(ត្បូងឃ្មុំ) ៖ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បន្តអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករនិយោជិត ក្រុមហ៊ុន សុហ្សេន (ខេមបូឌា) អ៊ីនដាសស្រ្ទៀល ឯ.ក ប្រមាណជាង ៦០០ នាក់ ក្នុងក្រុងសួង និងកម្មករនិយោជិតក្រុមហ៊ុន អាន ម៉ាឌី គ្រុប ចំការកៅស៊ូពាមជាំង ប្រមាណជាង ៧០០ នាក់ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ពិធីជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ម្ចាស់ក្រុមហ៊ុន ប្រធាន-អនុប្រធាន មន្ទីរអង្គភាព ជុំវិញខេត្ត អាជ្ញាធរ ក្រុង/ស្រុក កម្លាំង បី ប្រភេទ មន្រ្តីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ខេត្ត កម្មករនិយោជិត និង អ្នកពាក់ព័ន្ធ។

លោក អ៊ុ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ខេត្ត បានអានរបាយការណ៍ និងបានលើកឡើងថា សម្រាប់ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំប្រកបដោយថាមភាព និងភាពឈ្លាសវៃរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ឃើញថាខេត្តត្បូងឃ្មុំទាំងមូលកំពុងទទួលបាននូវការរីកចម្រើនឥតឈប់ឈរទាំងវិស័យសង្គម សេដ្ឋកិច្ច ដែលតាមរយៈនេះយើងសង្កេតឃើញមានវិនិយោគិនថ្មីៗមកសិក្សា និងបណ្តាក់ទុនជាបន្តបន្ទាប់ អាចបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលក្នុងខេត្តរបស់យើង។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា គោលដៅនៃជំនួបជាមួយកម្មករនិយោជិត គឺដើម្បីស្វែងយល់ពីសុខទុក្ខកម្មករ កម្មការីនី ដែលកំពុងបម្រើការងារតាមបណ្ដារោងចក្រ សហគ្រាស ក្រុមហ៊ុន នានា នៅទូទាំងខេត្ត និងក៏ដើម្បីរដ្ឋបាលខេត្ត មានឱកាសក្នុងការដោះស្រាយបញ្ហានានាជូនដល់កម្មករ កម្មការិនី ផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តថាការបន្តចុះជួបដោយផ្ទាល់នេះ គឺស្របនឹងគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានផ្ដួចផ្ដើមគំនិតចុះផ្ទាល់តាមរោងចក្រ ជួបផ្ទាល់ជាមួយកម្មករនិយោជិតជាបន្តបន្ទាប់ ទាំងកម្មករនិយោជិត និងទាំងម្ចាស់រោងចក្រ ដោយបានពិភាក្សាគ្នា និងដោះស្រាយដោយផ្ទាល់រាល់បញ្ហាប្រឈមនានា ដែលកើតមានឡើង ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត លើកឡើងបន្តថា រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង គិតគូរផ្ដល់អត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករនិយោជិត មានដូចជាការឧបត្ថម្ភជូនកម្មករនិយោជិត ក្នុងវិស័យវាយនភ័ណ្ឌ និងដេរស្បែកជើង និងវិស័យទេសចរណ៍ ដែលបានព្យួរកិច្ចសន្យាការងារគំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩, កម្មករនិយោជិតដែលបានចុះបញ្ជីនៅពេលឡានជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងទទួលបានសេវាថែទាំសុខភាព និងហានិភ័យការងារ និងការចរចាដំឡើងប្រាក់ឈ្នួលប៉ប៉រមាជារៀងរាល់ឆ្នាំ ជាដើម ។ ក្នុងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្ដល់អត្ថប្រយោជន៍បន្ថែម លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់កម្មការិនីមានផ្ទៃពោះរហូតកុមារមានអាយុ ២ ឆ្នាំ ដែលត្រូវអនុវត្តចាប់ពីខែសីហា ឆ្នាំ ២០២៣ នេះតទៅ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានអំពាវនាវដល់កម្មករនិយោជិត សូមរួមគ្នាថែរក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ សហគ្រាស ក្រុមហ៊ុន គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ។ ដូច្នេះនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ជាព្រឹត្តិការណ៍ជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា សូមបោះឆ្នោតជូនគណបក្សប្រជាជនប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដើម្បីរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេណ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេស កម្មការិនី ដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាល ដោយបានផ្ដល់ជូនថវិកាក្នុងម្នាក់ៗ១ម៉ឺនរៀល ក្រមាម្នាក់១ ចំពោះស្រ្តីមានផ្ទៃពោះ ជូនថវិកាក្នុងម្នាក់១០ម៉ឺនរៀល និងក្រមាម្នាក់១ផងដែរ៕