ចំណងដៃថ្មីបន្ថែមទៀតពីសម្តេចតេជោ ជូនពលរដ្ឋកំពង់ឆ្នាំង, ផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែងជាង ២០គីឡូម៉ែត្រ តភ្ជាប់រវាងស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស ត្រូវបានបើកការដ្ឋានសាងសង់


ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី បើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន០១ខ្សែ ប្រវែង ២០គីឡូម៉ែត្រ និង១៩៤ ម៉ែត្រ ដែលមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ទៅដល់ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ ធ្វើឡើងនៅបរិវេណវត្ត សាមគ្គីសុខារាម ហៅវត្ត ត្រពាំងរាំង ក្នុងភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីបានថ្លែងឲ្យដឹងថា នេះជាគម្រោងរបស់រាជរដ្ឋាភិបាល ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទហៅកាត់ថា NRRPCP ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank­AIIB)។ ការសាងសង់ផ្លូវនេះ នឹងប្រើរយៈពេល១២ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៤ ដែលទទួលកិច្ចសន្យាសាងសង់ ដោយក្រុមហ៊ុន Lim Meng Construction & import Export Co., Ltd។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីបានបន្តថា នេះចំណងដៃថ្មីបន្ថែមទៀតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត នៅក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំងនេះ ក្នុងនោះគឺក្នុងក្របខណ្ឌម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ NRRPCP ដែលបាននិងកំពុងបើកឲ្យដំណើរការសាងសង់ចំនួន ៤ខ្សែរួចមកហើយ ដើម្បីបន្តរក្សានិរន្តរភាពសេដ្ឋកិច្ចជនបទ ជាពិសេសស្តារជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ឱ្យកាន់តែល្អប្រសើរឡើង បន្ទាប់ពីកម្ពុជាបាន និងកំពុងងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ និងបានលើកឡើងពីសារៈសំខាន់ នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធរួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ការកែលម្អ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធជនបទ ការថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលប្រៀមដូចជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ជាមូលដ្ឋានគ្រឹះជំរុញកំណើនប្រាក់ចំណូល របស់ប្រជាជននៅតំបន់ជនបទ។

ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានក៏បានផ្ដាំផ្ញើប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមសហការជាមួយក្រុមហ៊ុនទទួលការ ឲ្យបានល្អក្នុងអំឡុងដំណើរការសាងសង់។ ជាមួយនេះលោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ និងបោះជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោងបានបញ្ជាក់ថា ផ្លូវដែលកំពុងបើកការដ្ឋានសាងសង់នាពេលនេះ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ដល់ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានប្រវែងចំនួន ២០គីឡូម៉ែត្រ និង១៩៥ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីជាន់ DBST មានទទឹងប្រវែង៨ ម៉ែត្រ និងសំណង់សិល្បការ្យរួមមាន លូមូលកាត់ទទឹងផ្លូវចំនួន ៤២ កន្លែង និងលូមូលកាត់ផ្លូវបំបែកចំនួន ១៣ កន្លែង បំពាក់ស្លាកសញ្ញាសុវត្ថិភាព តាមបណ្តោយខ្សែផ្លូវរួមមាន៖ ស្លាកសញ្ញាចរាចរណ៍ចំនួន ៦៧ កន្លែង គំនូសតាមអ័ក្សផ្លូវ និងមានគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ចំនួន ៦ កន្លែង៕