សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យជនរួមជាតិ មានការភិតភ័យចំពោះការចល័តកងទ័ព ដើម្បីការពារទឹកដីក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ ដើម្បីកំចាត់ពួកភេរវកម្មតាមផ្លូវគោក និងផ្លូវអាកាស


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការភិតភ័យចំពោះការចល័តកងទ័ពទៅការពារទឹកដីក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ដើម្បីកំចាត់ពួកភេរវកម្មតាមផ្លូវគោក និងផ្លូវអាកាស។

តាមរយៈសារសំឡេងដែលបណ្តាញព័ត៌មាន នៅមុននេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យពលរដ្ឋបារម្ភអំពីការផ្ទុះសង្គ្រាម។ សម្តេចបានបញ្ជាក់ថា ការចល័តកងទ័ពបន្ថែមចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងត្បូងឃ្មុំ គឺជាកម្លាំងអន្តរាគមន៍ដើម្បីជួយដល់យុទ្ធភូមិភាគទី១ ដោយសារតែការបំពានជាបន្តបន្ទាប់ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលមិនដឹងប្រភពចេញពីកន្លែងណា។

សម្តេចបានបញ្ជាក់ថា៖ «ដូច្នេះយើងមានការចាំបាច់ នឹងការពារអធិបតេយ្យជាតិរបស់យើង ដែលខ្ញុំចាត់ទុកថា នេះជាការឈ្លានពាន ហើយជាការប៉ុនប៉ងធ្វើភេរវកម្ម នៅលើទឹកដីកម្ពុជា»

សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាបន្ថែមឱ្យកងទ័ពយុទ្ធភូមិភាគទី១ សហការជាមួយគ្រប់កម្លាំងទាំងអស់ ដើម្បីរុករក អ្នកដែលមកលាក់ខ្លួននៅលើទឹកដីកម្ពុជា ដែលពួកភេរវកម្មទាំងនេះរត់ចេញពីទឹកដីវៀតណាម។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រទេសទាំងឡាយ ដែលផ្តល់ទីតាំងឱ្យដ្រូន ចូលមកទឹកដីរបស់កម្ពុជា បញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលមានចរិតជាភេរវកម្ម ប្រឆាំងនឹងឯករាជ្យ អធិបតេយ្យកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏ស្នើដល់ពលរដ្ឋសហការផ្តល់ព័ត៌មានដល់កងទ័ព ពាក់ព័ន្ធនឹងភេរវកម្ម និងអះអាងថា អាវុធកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់នឹងការបាញ់កម្ទេចដ្រូនទាំងនេះ។ សម្តេចក៏អំពាវនាវដល់ប្រទេសជិតខាង ដែលផ្តល់ទីតាំងសម្រាប់ការហោះហើរបស់ដ្រូនខាងលើ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនេះ។

សម្តេចបានបញ្ជាក់ថា «សូមគោរពអធិបតេយ្យរបស់យើង យើងចង់មានសេចក្តីសុខ ហើយគ្មានប្រាថ្នាអ្វី ក្រៅពីសេចក្តីសុខ និងឯករាជ្យអធិបតេយ្យរបស់យើង នោះទេ»។

រាជរដ្ឋាភិបាលអាចគ្រប់គ្រងសភាពការណ៍ទាំងនេះបាន ដោយមានការសហការល្អជាមួយរដ្ឋាភិបាលវៀតណាម ដែលជារដ្ឋាភិបាលរងគ្រោះដោយសារការធ្វើភេរវកម្មរបស់ក្រុមទាំងនេះ៕