ឯកឧត្តម ព្រុំ សុខា បន្តដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកឆ្លូង ខេត្តក្រចេះ ដោយមានអ្នកចូលរួមជិត៨០០០នាក់


(ឆ្លូង-ក្រចេះ)៖ ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយសហការី បានបន្តដឹកនាំយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ចូលដល់ថ្ងៃទី២ដែលមានអ្នកចូលរួមជាសកម្មជនគណបក្ស និងតំណាងពលរដ្ឋតាមខ្នងផ្ទះប្រមាណ៨០០០នាក់ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះនៅទីរួមស្រុកឆ្លូង ខេត្តក្រចេះ។

ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះបានថ្លែងក្នុងពិធីនេះថា «គណបក្សប្រជាជនកម្ពុជា គឺជាទឹកត្រជាក់ត្រីកុំ ដែលអ្នកណាមកពីគណបក្សណា ក៏អាចចូលមករួមរស់ជាមួយបានដែរ»។ នៅខេត្តក្រចេះបន្ទាប់ពីការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកស្រី ប្រាក់ ចន្ថា អតីតអគ្គលេខាធិការរងគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតសមាជិកអចិន្ត្រៃយ៍គណបក្សខ្មែររួបរួមជាតិរួចមក ថ្មីៗនេះលោក សឿ សុភី អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀនប្រចាំខេត្តក្រចេះក៏បានស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដែរ។

វត្តមានរបស់អតីតមន្រ្តីជាន់ខ្ពស់គណបក្សដទៃចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនយោបាយនៃយុទ្ធនាការឃោសនា បោះឆ្នោតដ៏ក្តៅគគុករបស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ មិនត្រឹមតែសបញ្ជាក់ពីទឹកចិត្តស្មោះស្ម័គ្រដោយបេះដូងរបស់ពួកគាត់ប៉ុណ្ណោះទេ តែក៏បានរួមចំណែកទាក់ទាញបន្ទន់ចិត្តអ្នកបោះឆ្នោតដែលធ្លាប់តែគាំទ្រគណបក្សទាំងអស់នោះឲ្យងាកមកមើលឃើញពីការពិតដែលថា សូម្បីតែអតីតមន្រ្តីក្នុងជួរអ្នកដឹកនាំជាន់ខ្ពស់គណបក្សរបស់ពួកគេក៏បានបោះបង់ចោលនយោបាយអគតិជ្រុលនិយម ក្រោយពីបានមើលឃើញសច្ចភាពនយោបាយ សុខសន្តិភាព បង្រួបបង្រួមជាតិ ដើម្បីអនាគតរុងរឿងកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហេតុនេះចំពោះបងប្អូនដែលគ្រាន់តែជាអ្នកដើរតាមអ្នកនយោបាយ ពួកគាត់ពិតជាអាចប្តូរចិត្តមកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបានជាក់ជាមិនខាន។

បរិយាកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃនេះ បានកត់សំគាល់ដោយការថ្លែងសង្កថាឃោសនាប្រកប ដោយខ្លឹមសាររបស់លោក ព្រុំ សុខា បេក្ខជនលេខរៀងទី១របស់គណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តក្រចេះ ដែលបានបកស្រាយបង្ហាញច្បាស់ពីគោលដៅចម្បងនៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពិសេសសារនយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន ស្តីពីកម្មវិធីជាអាទិភាពទាំង៦យ៉ាង សំដៅការពារនិងលើកស្ទួយផលប្រយោជន៍ប្រជាជននៅទូទាំងប្រទេស។ នៅចន្លោះសង្កថានេះក៏មានការថ្លែងមតិអន្តរាគមន៍ជាបន្តបន្ទាប់របស់លោកស្រី ប្រាក់ ចនា្ថ លោក សឿ សុភី រួមទាំងការថ្លែងបកស្រាយបន្ថែមរបស់លោកសាស្រា្តចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានរាជ្យបណ្ឌិតសភាកម្ពុជាដែលបានញ៉ាំងឲ្យអង្គមិទ្ទីញយុទ្ធនាការបោះឆ្នោតយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ ដោយម្នាក់ៗសន្យានឹងពាំនាំយកសារនយោបាយដ៏មានអត្តន័យនេះទៅបញ្រ្ជាបឲ្យដល់សហគមន៍ប្រជាជន និងឲ្យអ្នកបោះឆ្នោតទាំងអស់បានជ្រួតជ្រាបច្បាស់ហើយស្រុះចិត្ត រួមគា្នចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យទទួលបានជ័យជន្នះទាំងស្រុង ដើម្បីសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីបន្ត ដឹកនាំនាវាសន្តិភាពកម្ពុជាឆ្ពោះទៅកាន់អនាគតថ្កុំថ្កើងរុងរឿងសម្រាប់មនុស្សគ្រប់ជំនាន់តរៀងទៅ។

បន្ទាប់ពីចប់ពិធីសំណេះសំណាល ក្រុមការងាររបស់ឯកឧត្តម ព្រុំ សុខា បានចូលរួមជាមួយក្រុមការងារដទៃទៀតចុះផ្ទាល់ដើម្បីនាំសារនយោបាយទៅដល់ បងប្អូនអាជីវករលក់ដូរក្នុងផ្សារឆ្លូងនៅទីប្រជុំជនស្រុកឆ្លូង ខេត្តក្រចេះ៕