ការបណ្តុះបណ្តាលដំបូងដល់មន្ត្រី ១៤៩នាក់ ទើបប្រឡងជាប់ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៧


នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៧ នៅកំពង់ផែស្វយ័តក្រុងភ្នំពេញ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដំបូង ដល់មន្ត្រីទើបប្រឡងជាប់ចំនួន ១៤៩នាក់ នាសម័យប្រឡងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ ដែលនឹងត្រូវចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីទើបប្រឡងជាប់ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ មន្ត្រីកម្មសិក្សាការីទាំងអស់ត្រូវបំពេញការងារប្រកបដោយភាពភាពស្អាតស្អំ មិនត្រូវប្រកាន់បក្សពួកនិយម និងយកតួនាទីរបស់ខ្លួនធ្វើអាជីវកម្មក្នុងការបង្កើតប្រាក់ចំណូលអ្វីឡើយ ពោលគឺត្រូវផ្ដល់សេវាសាធារណៈឱ្យមានតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់មន្ត្រីកម្មសិក្សាទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យមានចំណេះដឹង និងចំណេះធ្វើដើម្បីយកទៅបម្រើការតាមអង្គភាពរៀងៗខ្លួន និងរួមចំណែកដល់កំណែទម្រង់ស៊ីជំរៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងអភិវឌ្ឍប្រទេសជាតិមាតុភូមិរបស់យើងឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីកម្មសិស្សាការីទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រឱ្យអស់ពីសមត្ថភាព និងសក្ដានុពលរបស់ខ្លួន ដើម្បីក្រេបយកចំណេះដឹងថ្មីៗ ដើម្បីភាពជោគជ័យនៃប្រជាជាតិយើងទាំងមូល ។
ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រូឧទ្ទេស ដែលបានចំណាយពេលដ៏មានតម្លៃរបស់ខ្លួនក្នុងការបណ្ដុះបណ្ដាលមន្ត្រីជំនាន់ថ្មីទាំងនេះឱ្យក្លាយជាមន្ត្រីឆ្នើមរបស់ក្រសួង។