(ខេត្តកណ្តាល)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងជាបេក្ខភាពឈរឈ្មោះតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានអញ្ជើញចុះ សំណេះសំណាល និងជួបជាមួយបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាម តាមខ្នងផ្ទះ ចំនួន ៣ភូមិ នៃខេត្តកណ្តាល ៖
១.ភូមិព្រែកថ្មី ឃុំ ជ័យធំ ស្រុកខ្សាច់កណ្តាល
២ ភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល
៣ ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល
ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោត ឱ្យត្រឹមត្រូវក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្ស ប្រជាជនកម្ពុជា។
ឯកឧត្តមបានថ្លែងថា ដើម្បីរក្សាតម្លៃ នៃសន្លឹកឆ្នោត មួយសន្លឹកជាការគាំទ្រ គណបក្សប្រជាជនកម្ពុជា មួយសំឡេង ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ និងបានអំពាវនាវ សូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ជាពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមាន លេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត។
ឯកឧត្តមក៏បានក្រើនរំលឹកដល់ សមាជិកគណបក្ស ឱ្យត្រៀម ឯកសារបម្រើឱ្យការបោះឆ្នោត ពោលគឺអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឱ្យបានរួចរាល់។ ប្រសិនបើមានការបាត់បង់ ឬខូចខាត ត្រូវទាក់ទងទៅកាន់មេភូមិ នៅក្នុងមូលដ្ឋាន របស់ខ្លួន ដើម្បីសម្របសម្រួលធ្វើឯកសារ បញ្ជាក់អត្តសញ្ញាណ (ឯ.អ) ដើម្បីអាចបោះឆ្នោតបាន។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានជម្រាប ដល់សមាជិក គណបក្សនិងបងប្អូនសាសនិកឥស្លាម ទាំងអស់ ឱ្យបានយល់ដឹង ពីសេចក្តីប្រកាស ព័ត៌មានថ្មី របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមកុំឱ្យលង់ជឿចាញ់ បោកទង្វើទុច្ចរិត របស់បុគ្គលទាំងឡាយណា ដែលបានណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត ឬធ្វើឱ្យមានការភាន់ច្រឡំ នាំឱ្យបាត់ទំនុកចិត្ត លើការបោះឆ្នោត ដែលជាទង្វើមានចេតនាបំផ្លាញ លទ្ធិប្រជាធិបតេយ្យ បំពានសិទ្ធិប្រជាពលរដ្ឋ និងជាបទល្មើសព្រហ្មទណ្ឌ។
អង្គពិធីទាំងមូលបានប្រកាស ជាឱឡារិក គាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕
ឯកឧត្តម សុះ មុះសិន បន្តចុះជួប សំណេះសំណាល និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាម ក្នុងខេត្តកណ្តាល ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា
