រដ្ឋមន្ត្រី ព្រុំ សុខា ធ្វើបាឋកថា ស្តីពី ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ ដល់នាយក នាយិកា វិទ្យាល័យ មកពីរាជធានី-ខេត្តទូទាំងប្រទេស


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញផ្តល់បាឋកថាស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ជូនដល់លោក  លោកស្រី ជានាយក នាយិកា វិទ្យាល័យមកពីរាជធានី- ខេត្តទូទាំងប្រទេសសរុបមានអ្នកចូលរួមជាង៦០០នាក់។

បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួចមក ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានចាប់ផ្តើមផ្តល់បាឋកថាស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ដោយបានថ្លែងបញ្ជាក់ថាលោកមានឈាមជ័រពីឪពុកជាគ្រូបង្រៀនដែលក្នុងមួយជីវិតនៃគុណតម្លៃវិជ្ជាជីវៈរបស់លោកឪពុកគឺជាអ្នកដែលបានរួមចំណែក ផ្តល់នូវគំនិត ប្រាជ្ញា និងចំណេះដឹងឱ្យ សិស្ស គ្រប់ គ្នា ដោយ ឥត គិតពីការលំបាកនឿយហត់នៅតំបន់ជនបទក្នុងពេលសង្រ្គាម។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា មនុស្សគ្រប់រូបទោះជាសិ្ថតនៅក្នុងតួនាទី ឋានៈ នៅក្នុងស្រទាប់សង្គមណាក៏ដោយ គឺសុទ្ធតែមិនអាចខ្វះភាពជាអ្នកដឹកនាំសម្រាប់ជីវិតរបស់ខ្លួនបានឡើយ។  ភាពជាអ្នកដឹកនាំនេះកាន់តែមានសារៈសំខាន់ថែមទៀត ចំពោះបុគ្គលិកសិក្សា នាយកសាលា លោកគ្រូ អ្នកគ្រូ ដែលជាអ្នកដើរតួចម្បងក្នុងការចែករំលែកចំណេះដឹង និងផ្សព្វផ្សាយព័ត៌មានពិតនិងសច្ចភាពទៅដល់សិស្សានុសិស្ស សម្រាប់ជំរុញការគិតនិងការសម្រេចចិត្តដើម្បីដឹកនាំជីវិតប្រកបដោយនវានុវត្តន៍សំដៅ ជម្នះរាល់ការលំបាក និងឧបសគ្គ ក្នុងការកសាងអនាគតរៀងៗខ្លួន។

តាមរយៈការធ្វើបាឋកថានេះ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានគូសបញ្ជាក់ច្បាស់បន្ថែមទៀតថា ទោះបីនៅលើពិភពលោកយើងនេះមានករណីសិក្សាជាច្រើនយ៉ាងណាក្តី ប៉ុន្តែសម្រាប់កម្ពុជាភាព ជាអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិតជាថ្លៃថ្លាអស្ចារ្យគ្មានពីរ គឺការដឹកនាំពោរពេញដោយពលិកម្មដ៏ធំធេងមហិមារបស់សម្តេចក្នុងការបញ្ចប់សង្គ្រាម ដើម្បីនាំសង្គមជាតិកម្ពុជាមកកាន់សុខសន្តិភាព ឯកភាពជាតិ និងមានការអភិវឌ្ឍប្រកប ដោយវិបុលភាពដូចបច្ចុប្បន្ន និងឈានឆ្ពោះទៅកាន់អនាគតភ្លឺស្វាងរុងរឿងពោរពេញដោយក្តីសង្ឃឹម និងមោទនភាពជាតិ។

មាតិកាសំខាន់ៗចំនួន ៥ នៃបាឋកថាដែលរៀបចំឡើងរយៈពេលពេញមួយថ្ងៃនេះ រួមមាន៖ ទី១. ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ទី២. គុណាធិបតេយ្យ ទី៣. កំណែទម្រង់រដ្ឋបាលសាធារណៈ ទី៤. តួនាទីរបស់ រដ្ឋាភិបាល និងទី៥. សេចក្តីសន្និដ្ឋាន។

សូមជម្រាបជូនថា មកដល់ពេលនេះឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានផ្តល់បាឋកថាជូនដល់មន្រ្តីរាជការសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត បានចំនួនប្រមាណជាង១ម៉ឺន នាក់រួចមកហើយ៕