រដ្ឋមន្ត្រីក្រសួងការងារ៖ ប្រកាសចូលកាន់តំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងថ្មី


(កំពង់ឆ្នាំង)៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង គឺលោក ស៊ឹម សុវឌ្ឍនៈ ជាប្រធានមន្ទីរថ្មី ព្រមទាំងមានការផ្ដាំផ្ញើនូវអនុសាសន៍មួយចំនួន។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំង មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង នឹងខិតខំបំពេញការងារ រួមគ្នាសហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាលបន្ថែមទៀត។

ឯកឧត្តម អ៊ិត សំហេង បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានខិតខំបំពេញភារកិច្ចនានាដែលរាជរដ្ឋាភិបាលប្រគល់ជូន ក៏ដូចជាខិតខំដោះស្រាយនូវរាល់បញ្ហានានាពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពកន្លងមក។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង ដែលបានចូលរួមអនុវត្តតាមការណែនាំ និងការចាត់តាំងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការយ៉ាងល្អជាមួយអាជ្ញាធរដែនដី និងមន្ទីរជំនាញពាក់ព័ន្ធនានា សំដៅចូលរួមផ្តល់សេវា និងបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសបានខិតខំអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣, គោលនយោបាយ ជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ២០១៧-២០២៥ ប្រកបដោយជោគជ័យ។

ឯកឧត្តម អ៊ិត សំហេង បានស្នើលោកប្រធានមន្ទីរថ្មី ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានម៉ឹងម៉ាត់ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ព្រមជាមួយនោះ៖

ទី១- ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តកំពង់ឆ្នាំងប្រគល់ជូន។
ទី២- ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។
ទី៣- ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេវាល្អ ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។
ទី៤- ត្រូវខិតខំអនុវត្តឱ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់រាជរដ្ឋាភិបាល។
ទី៥- ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។
ទី៦- ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និង បាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ៕