មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចន្ទ្រា ចុះពិនិត្យលទ្ធផលឃោសនារកសំឡេងឆ្នោត និងបង្រៀនគូសសន្លឹកឆ្នោតដល់ពលរដ្ឋ


(ស្វាយរៀង)៖ ឯកឧត្តម ម៉ឺង កុម្ភៈ អនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា តំណាងឯកឧត្តម ម៉ឹង សំផន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចន្ទ្រា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ អញ្ជើញចូលរួមសំណេះសំណាល ជាមួយប្រធាន និងអនុប្រធានគណបក្សឃុំសំរោងព្រមទាំង លោក-លោកស្រី ប្រធាន អនុប្រធានសាខាគណបក្សភូមិ និងពិនិត្យលទ្ធផលការងារ ចុះឃោសនាតាមខ្នងផ្ទះ និងការបង្រៀនគូស សន្លឹកឆ្នោត នៅឃុំសំរោង ស្រុកចន្ទ្រា ក្នុងយុទ្ធនាការឃោសនារកសំឡេងបោះឆ្នោត។

ឯកឧត្តម ម៉ឺង កុម្ភៈ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយ ខេត្តស្វាយរៀង ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅឃុំសំរោងផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ឺង កុម្ភៈ បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងបានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និង ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួន និងឯកសារបម្រើ ឲ្យការបោះឆ្នោតឲ្យបានរួចរាល់។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងករណីបាត់ ឬខូចអត្តសញ្ញាណបណ្ណ សូមប្រញាប់រួសរាន់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ.អ) ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងសូមជ្រើសរើសគណបក្សដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិមាតុភូមិ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវដល់សមាជិក សមាជិកាគណបក្ស និង ប្រជាពលរដ្ឋ ទៅបោះឆ្នោតឲ្យបានគ្រប់គ្នាកុំបីខាន និង បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគ។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ឺង កុម្ភៈ បានដឹកនាំក្រុមការងារចុះតាមខ្នងផ្ទះ ដើម្បីសាកល្បងគូសសន្លឹកឆ្នោត នៅក្នុងប្រអប់លេខរៀងទី១៨ ឲ្យបានត្រឹមត្រូវផងដែរ៕