ឯកឧត្តម ប៉ាន សូរស័ក្តិ បន្តចុះជួបសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំស្រង៉ែ ស្រុកព្រៃឈរ ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយរបស់បក្ស និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្របក្សប្រជាជនកម្ពុជា


(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

ពិធីនេះ ធ្វើឡើងនៅបរិវេណវត្តថ្មីសេរីសដ្ឋា ក្នុងមូលដ្ឋានឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក ប្រជា បេក្ខជនបម្រុងតំណាងរាស្រ្តមណ្ឌលកំពង់ចាម, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងព្រះ, ឯកឧត្តម ឃឹម សិរីវង្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ, ឯកឧត្តម ចាន់ សុខទី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រង៉ែ, ឯកឧត្តម ឡោ ចាន់លី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការបក្សខេត្តកំពង់ចាម, លោក មាស ទួក ប្រធានគណៈកម្មាធិការគណបក្សស្រុកព្រៃឈរ ព្រមទាំង លោក លោកស្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំស្រង៉ែ ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។, ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩, ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។

ឯកឧត្តម ប៉ាន សូរស័ក្ដិ បានបន្តថា កម្ពុជាក៏សម្រេចបានផងដែរនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(CEPA) និងចរចាបង្កើតកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗទៀត ក្នុងទ្វីបអាស៊ី អឺរ៉ុប អាម៉េរិក និងទ្វីបអាហ្រ្វិក ព្រមទាំងកំពុងសិក្សាលទ្ធភាព និងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងកម្ពុជា- តួរគី កម្ពុជា-សហព័ន្ធស្វ៊ីស និងកម្ពុជា-ប៉ាគីស្ថាន ផងដែរ ដែលជាកត្តាធ្វើឱ្យកម្ពុជានៅតែរក្សាបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ព្រមទាំងទំហំពាណិជ្ជកម្ម មានសន្ទុះកើនទ្បើងគួរកត់សម្គាល់។

ឯកឧត្តមបានបន្ថែមថា សន្តិភាព និងសមិទ្ធផលទាំងនេះ បានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត ព្រមទាំងបានសម្តែងនូវការគាំទ្រចំពោះសារនយោបាយរបស់សម្ដេចតេជោ គឺ «អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យ, ព្រោះថាបើគ្មានសន្តិភាពទេនោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។

ជាមួយគ្នា ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានធ្វើការបង្ហាញជូនអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ផងដែរ៕