សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាជាមួយអាជីវករផ្សារសាមគ្គីខេត្តស្ទឹងត្រែង


នៅព្រឹកថ្ងៃទី១៧សីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករផ្សារសាមគ្គីខេត្តស្ទឹងត្រែង ដែលទើប បានសាងសង់រួច និងបើកឲ្យប្រជាពលរដ្ឋចូលលក់ដូរជាថ្មីឡើងវិញកាលពីពេលថ្មីៗកន្លងមកនេះ។ ផ្សារ សាមគ្គីស្ទឹងត្រែង គឺជាអំណោដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោក ទាំងទ្វេតែងតែមានព្រហ្មវិហារធម៍ចំពោះប្រជាពលរដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបប្រាស្រ័យទាក់ទងក្នុងភាពស្និទ្ធស្នាល និងរាក់ទាក់បំផុតជាមួយបងប្អូនអាជីវករក្នុងផ្សារ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានសាកសួរអាជីវករអំពីការប្រកបមុខរបរ ចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់បងប្អូន។ តូបផ្សាថ្មីៗធំទូលាយល្អ មានខ្យល់ចេញចូល ជាមួយទំនិញជាច្រើន មុខដែលមួយចំនួនជារបស់ក្នុងស្រុក និងមួយចំនួនទៀតនាំចូលមកពីប្រទេសក្រៅ។ សម្តេចតេជោ បាន បញ្ជាក់សារជាថ្មីប្រាប់អាជីវករទាំងអស់ថា ផ្សារនេះគឺប្រគល់ជូនបងប្អូនលក់ដូរតកូនតចៅមួយជីវិត មិន មានអោយបង់ថ្លៃអ្វីទេ ក្រៅពីអនាម័យ ទឹកភ្លើង និងភាស៊ីបន្តិចបន្តួចប៉ុណ្ណោះ។
ប្រជាពលរដ្ឋ និអាជីវករទូទៅបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលលោកតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងរួមសុខរួមទុក្ខជាមួយ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ ផ្សារស្ទឹងត្រែងនេះពីមុនគឺបានឆេះខ្ទេចខ្ទីរដោយសារអគ្គីភ័យ ហើយបន្ទាប់មកត្រូវបាន សម្តេចទាំងទ្វេ ធ្វើជូនឡើងវិញមិនអោយប្រជាពលរដ្ឋបង់លុយថ្លៃតូបឡើយ។
ក្នុងពេលអញ្ជើញចូលសំណេះសំណាលជាមួយអាជីវករព្រឹកមិញនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បាន ថតរូប Selfie ជាមួយពលរដ្ឋមកទិញទំនិញ អាជីវករ កូនក្មួយសិស្សានុសិស្ស និងចៅៗ ជាច្រើនដែលបាន មកចោមរោមចាំជួប និងចាំថតរូបជាមួយ សម្តេចតេជោ។ កាយវិការដ៏សាមញ្ញរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានបង្ហាញពីភាពស្និទ្ឋស្នាល និងគោរពស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងផ្សារស្ទឹងត្រែងទាំងអស់ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង។ ពលរដ្ឋ និងអាជីវករផ្សារសាមគ្គីស្ទឹងត្រែងអរគុណ និងចងចាំ នូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចទាំងទ្វេ ហើយបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាបន្តទៀត៕