ឯកឧត្តម ហ៊ុន ម៉ានី រៀបចំពិធីបុណ្យសង្ឃទាន និងស្រោចស្រពសុគន្ធវារី ជូនលោកតា លោកយាយ នៅក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ


ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសង្ឃទាន និងស្រោចស្រពសុគន្ធវារី ជូនលោកតា លោកយាយ នៅក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ពិធីនេះមានការនិមន្ត/អញ្ជើញនាឱកាសនោះរួមមាន ព្រះថេរានុត្ថេរៈអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ក្រុមការងារគណបក្សចុះជួយក្រុង ក្រុមការងារចុះជួយសង្កាត់វាលពង់ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ លោកតា លោកយាយប្រមាណ ១០០០នាក់។

ក្រោមបរិយាកាសដ៏រីករាយនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្ដីសប្បាយរីករាយដែលបានអញ្ជើញមានវត្តមានក្នុងកម្មវិធីនាថ្ងៃនេះ។

ជាមួយគ្នានោះ ឯកឧត្តម បានចូលរួមត្រេកអរ និងអនុមោទនាបុណ្យជាមួយក្រុមការងារ និងអ្នកចូលរួមទាំងអស់ ដែលបានរួមគ្នាប្រារព្ធពិធីនេះឡើង ក្នុងគោលបំណងបានជួបជុំធ្វើបុណ្យចំពោះព្រះសង្ឃ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងអាយុយឺនយូរជូនដល់លោកតា លោកយាយ នៅសង្កាត់ វាលពង់នៅថ្ងៃនេះប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានពាំនាំការផ្ដាំផ្ញើរការសួរសុខទុក្ខពីសម្ដេចប្រធានបក្ស ដល់លោកយាយ លោកតាដែលបានគាំទ្រគណបក្សដោយចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ និងពាំនាំនូវការប្តេជ្ញាចិត្ត និងការប្រកាន់ភ្ជាប់នូវឆន្ទៈយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តដឹកនាំ កសាងសង្គម សេដ្ឋកិច្ចកម្ពុជាឱ្យឆ្ពោះទៅមុខបន្ថែមទៀតផងដែរ។

ផ្សារភ្ជាប់ជាមួយការលើកឡើងខាងលើនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទាំងក្នុងដំណាក់កាលដឹកនាំដោយសម្ដេចតេជោ និងក្នុងពេលបច្ចុប្បន្នដឹកនាំដោយសម្ដេចធិបតី គឺនៅតែបន្តផ្តល់អាទិភាព និងគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «ទុក្ខលំបាករបស់ប្រជាជន គឺជាភារកិច្ចស្នូលរបស់គណបក្សប្រជាជនកម្ពុជា ហើយសេចក្តីសុខរបស់ប្រជាជនគឺជាភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា»