សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចាត់តំណាងក្រាបបង្គំទូលថ្វាយសួរសុខទុក្ខព្រះរាជសុខភាពរបស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស


ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ ក្រសួង បានអញ្ជើញចូលក្រាបបង្គុំទូលថ្វាយសួរសុខទុក្ខព្រះរាជសុខភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះចៅអធិការវត្ត ឧណ្ណាលោម ដែលកំពុងព្យាបាលព្រះរោគនៅមន្ទីពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម ចាយ បូរិន បានក្រាបបង្គុំទូលថ្វាយនូវការផ្តាំផ្ញើ សួរសុខទុក្ខ និង​ថ្វាយ​ព្រះ​ពរ​ជ័យ​បវរ​សួស្ដី​ សិរីមង្គល​ វិបុល​សុខ​មហា​ប្រសើរ​ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងក្រាបថ្វាយបង្គុំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានសម្ដែងការគោរពដឹងគុណ និងកោតសរសើរដោយស្មោះចំពោះព្រះវីរៈភាព និងស្នាព្រះហស្ថដ៏ធំធេងជាច្រើន មិនអាចកាត់ថ្លៃបានរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ដែលបានយាងចូលរួមចំណែក បម្រើវិស័យព្រះពុទ្ធសាសនាក៏ដូចជា ការស្តាកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យរីកចំរើនជារៀងរហូតមក។ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតបានបម្រើ វិស័យពុទ្ធចក្រស្ទើរពេញមួយជីវិតរបស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារហើយបានបួសជាសង្ឃក្នុងមជ្ឈឹមវ័យនៅឆ្នាំ១៩៥២ រហូតដល់ឆ្នាំ១៩៧៥ ដោយបានទទួលសណស័ក្កជាព្រះគ្រូ ធម្មាចារ្យ។

នៅឆ្នាំ១៩៧៥ ព្រះគ្រូធម្មាចារ្យ ទេព វង្ស ត្រូវបានរបបខ្មែរក្រហមចាប់ផ្សឹក និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃជាមួយប្រជាជនទូទាំងប្រទេស។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោកគ្រូធម្មាចារ្យបានចូលបួសវិញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ហើយបានទទួល សណស័ក្ក និងព្រះរម្យងារជាបន្តបន្ទាប់ ដូចជាព្រះឧបជ្ឈាយ៍ ប្រធានសង្ឃទូទាំងប្រទេស ជាព្រះមហាសុមេធាធិបតី ជាព្រះសង្ឃនាយកនៃរដ្ឋកម្ពុជា ជាអនុប្រធានរណសិរ្សសាមគ្គី កសាងការពារ មាតុភូមិកម្ពុជា ជាអនុប្រធានរដ្ឋសភា ជាសម្តេចសង្ឃរាជគណមហានិកាយនៃកម្ពុជា ជាគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាឯកអគ្គរដ្ឋទូតសន្តិភាព ដោសហព័ន្ធអន្តរជាតិជាសហប្រធានក្រមប្រឹក្សាសាសនា ពិភពលោកដើម្បីសន្តិភាព នៅទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត-សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយបីតិសោមនស្សជ្រះថ្លានេះដែរ ឯកឧត្តម ចាយ បូរិន បានថ្វាយនូវទេយ្យទាន និងបច្ច័យដែលជាសទ្ធាជ្រះថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវថ្វាយដល់សម្តេចព្រះអគ្គមហាសង្ឃ រាជាធិបតី និងសូមបួងសួងដល់តេជៈគុណព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានព្រះពរជ័យដល់សម្តេច ឆាប់ជាពីព្រះរោគាពាធ មានព្រះរាជសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងព្រះជន្មាយុយឺនយូរជាង រយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ និងផ្ដល់ឱវាទដល់ព្រះសង្ឃនឹងប្រជាបរិស័ទគ្រប់វ័យអោយបានយល់ដឹងនូវមាគ៌ានៃព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ជានិច្ចនិរន្តរ៍តរៀងទៅ៕