អភិបាលខេត្តកំពត និងប្រធានក្រុមប្រឹក្សាខេត្ត ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ក្រុងកំពត និងក្រុងបូកគោ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ


ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ក្រុងកំពត និងក្រុងបូកគោ ជាច្រើនរូប នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅសាលប្រជុំសាលាខេត្តកំពត។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា ការដែលទទួលបានឋានៈតួនាទីជាប្រធានក្រុមប្រឹក្សាក្រុង សមាជិក សមាជិកា ក្រុមប្រឹក្សាក្រុង គឺកើតឡើងដោយការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយបានបោះឆ្នោតជូនបេក្ខភាពទាំងអស់ ក្នុងគោលបំណងដើម្បីឱ្យទទួលបានការបំរើ ក៏ដូចជាយកចិត្តទុកដាក់ជួយពួកគាត់រាល់ពេលដែលជួបការលំបាក។ យើងទាំងអស់គ្នាកម្រនឹងមានឱកាសនេះណាស់ ដែលប្រទេសមានសុខសន្តិភាពពេញលេញ បាននាំយកមកដោយសម្តេចតេជោ ហ៊ុន សែន ដោយលំបាក និងតស៊ូប្តូរជីវិត ដូច្នេះយើងទទួលបានឱកាសនេះហើយយើងត្រូវខិតខំសាងអំពើល្អឱ្យបានច្រើន។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ក្រោយពីយើងទទួលបានតួនាទី ឋានៈ ដែលផ្តល់ដោយប្រជាពលរដ្ឋក្នុងមូលដ្ឋានហើយ គឺយើងត្រូវតែខិតខំធ្វើអំពើល្អ ត្រូវធ្វើការបំរើជាតិឱ្យបានរុងរឿង ប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានជីវភាពសមរម្យ ផ្តល់នូវសេចក្តីស្រឡាញ់ ការចែករំលែកទុក្ខលំបាកពីគ្នាទៅវិញទៅមក ពិសេសផ្តល់ភាពកក់ក្តៅចំពោះការផ្តល់សេវាផ្សេងៗជូនពួកគាត់ អំពើទាំងនេះហើយគឺជាការតបស្នងសងគុណទឹកដីកំណើត ក៏ដូចជាតម្លៃនៃសុខសន្តិភាព។

ទន្ទឹមនេះឯកឧត្តម ម៉ៅ ធនិន បានលើកបញ្ជាក់ថា នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ រូបលោកនឹងបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាក្រុង-ស្រុកទាំង៩ និងទាំង ៩៣ឃុំ-សង្កាត់ នៃខេត្តកំពត ដើម្បីចែករំលែកនូវធនធានមួយចំនួន ក៏ដូចជាចែករំលែកនូវក្តីស្រឡាញ់ ចំពោះក្រុមប្រឹក្សាទាំងអស់ ដែលភាគច្រើនសុទ្ធសឹងតែជាចាស់ព្រឹទ្ធាចារ្យដែលមានគុណបំណាច់ក្នុងការបំរើជាតិ មាតុភូមិ និងប្រជាជនយើង៕