រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣


(សៀមរាប)៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣ និងបានលើកយករបៀបវារៈចំនួន៥ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត។

កិច្ចប្រជុំត្រូវបានធ្វើឡើង ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាសមាជិក សមាជិកានៃក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជានាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការ ចំណុះសាលាខេត្ត តំណាងអាជ្ញាធរជាតិអប្សរា មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាល អភិបាលរងក្រុង-ស្រុក ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្តជាច្រើនរូបទៀត។

កិច្ចប្រជុំនាពេលនេះ បានលើកយករបៀបវារៈចំនួន៥ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត ក្នុងនោះរួមមាន៖

*ទី១៖ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
*ទី២៖ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
*ទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការកែសម្រួលប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ សម្រាប់រយៈពេល ៨ខែ (ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤)។
*ទី៤៖ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការដឹកនាំ និងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣។
*ទី៥៖ ពិនិត្យ ពិភាក្សា និងផ្តល់យោបល់សម្រេចលើឯកសារសម្រាប់ប្រើប្រាស់ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ ការស៊ីវិលក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក។

អង្គប្រជុំក៏បានធ្វើការការពិនិត្យ និង ពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។ ក្នុងនោះដែរ សមាជិកនៃកិច្ចប្រជុំក៏បានលើនូវបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តគោនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព បញ្ហាផ្លូវថ្នល់ក្នុងក្រុង បញ្ហាសណ្ដាប់ធ្នាប់ក្នុងខេត្ត ការស្នើរសុំថតរូបនៅក្នុងតំបន់អប្សរា និងបញ្ហាស្ថាបនាផ្លូវពីឃុំពាក់ស្នែងស្រុកអង្គរធំ ដល់ឃុំគោកដូង ស្រុកអង្គរជុំ រួមនឹងបញ្ហាមួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាន ឃុន បានលើកឡើងថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចលើគ្រប់វិស័យបានយ៉ាងល្អប្រសើរ ពិសេសការបម្រើសេវាសាធារណៈការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការងារអភិវឌ្ឍមូលដ្ឋានបានយ៉ាងល្អ ទោះបីមានបញ្ហាខ្លះៗ តែអាជ្ញាធរយើងពុះពារដោះស្រាយបានមួយចំនួនធំ។

ឯកឧត្តមបានបន្តថា ក្នុងខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ក្រោមការដឹកនាំរបស់អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំអនុវត្តកិច្ចការសំខាន់ៗជាច្រើន ទាំងកិច្ចការរដ្ឋបាល កិច្ចការសន្តិសុខ កិច្ចការត្រៀមបង្ការគ្រោះមហន្តរាយនានាក្នុងរដូវវស្សាឆ្នាំនេះ ការទំនាក់ទំនងសាធារណៈជាមួយភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងដាក់ចេញនូវផែនការការពារ សន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ និងសន្តិសុខ សណ្តាប់ក្នុងអំឡុងពេលពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានយ៉ាងល្អប្រសើរ។

បន្ទាប់ពីមន្ត្រីជំនាញនៃមន្ទីរ និងអង្គភាពពាក់ពន្ធ័ បានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំរួចមក ឯកឧត្តម ប្រាក់ សោភ័ណ បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងអង្គភាពចំណុះសាលាខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក និងបានក្រើនរំលឹកដល់អាជ្ញាធរក្រុងស្រុក ត្រូវអនុវត្តឲ្យមានប្រសិទ្ឋិភាពនូវការងារទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស និងភាពអសន្តិសុខជាច្រើនទៀតក្នុងមូលដ្ឋាន ធ្វើយ៉ាងណាឲ្យស្រប់ទៅតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ក្នុងនោះដែរ ចំពោះការងារស្ថាបនាផ្លូវពីឃុំពាក់ស្នែងស្រុកអង្គរធំ ដល់ឃុំគោកដូង ស្រុកអង្គរជុំ ដែលជាផ្លូវដែលរងការខូចខាតជាច្រើនឆ្នាំ។ ក្នុងនោះដែរ ក៏បានជម្រុញដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរសហការលើបញ្ហានេះបន្តទៀត ដើម្បីការងារនេះឆាប់ទទួលបានជោគជ័យ។

ជាមួយនេះដែរ ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានស្នើដល់អាជ្ញាធរជាតិអប្សរា ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលា ជុំវិញការស្នើសុំថតរូប នៅក្នុងតំបន់អប្សរាពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕