ក្រុមការងារខេត្តក្រចេះ ចុះទៅពិនិត្យមើលស្ថានភាពទឹកជំនន់ ការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ


(ចិត្របុរី-ក្រចេះ)៖ នាពេលថ្មីៗនេះ ប្រធានក្រុមការងារខេត្តក្រចេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងសហការីបានចុះទៅពិនិត្យមើលស្ថានភាពទឹកជំនន់ និងចុះជួបប្រជាកសិករ នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

កាលពីប៉ុន្មានសប្តាហ៍កន្លងមកនេះ នៅក្នុងភូមិសាស្រ្តខេត្តមួយចំនួននៃប្រទេសកម្ពុជាយើងបានជួបគ្រោះទឹកជំនន់ បណ្តាលឲ្យរងផលប៉ះពាល់ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផលដំណាំ និងមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។ ដោយឡែកនៅខេត្តក្រចេះស្ថានភាពទឹកជំនន់មិនមានលក្ខណ:ធ្ងន់ធ្ងរពេកទេដែលរហូតមកដល់ពេលនេះទឹកជំនន់មានភាពធូរស្រាល និងចាប់ផ្តើមស្រកចុះជាបណ្តើរៗ ហើយប្រជាកសិករកំពុងចាប់ផ្តើមធ្វើស្រែបណ្តេញទឹក។ អាជ្ញាធរខេត្តក៏បានផ្តល់ស្រូវពូជជូនប្រជាពលរដ្ឋមួយចំនួនដែលខ្វះខាត ដើម្បីដាំដុះបន្ទាប់ពីរងការខូចខាតដោយទឹកជំនន់ ឆ្លើយតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានណែនាំឲ្យអាជ្ញាធរខេត្តយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាក។

ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ ក៏បានអំពាវនាវដល់អាជ្ញាធរ ខេត្តនិងមូលដ្ឋានឃុំ ស្រុក សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះការឆ្លងមេរោគគ្រុនផ្តាសាយបក្សី (H5N1) ឱ្យបានជាប់ជានិច្ចព្រោះនៅពេលថ្មីៗនេះកើតមានករណីរកឃើញអ្នកឆ្លងដោយសារជម្ងឺនេះរហូតបណ្តាលឲ្យបាត់បង់ជីវិតចំនួន២នាក់ នៅខេត្តស្វាយរៀង និងខេត្តព្រៃវែង៕