រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រកាសផ្តល់កូនឈើ៣០ម៉ឺនដើមក្នុងមួយឆ្នាំ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ


(ភ្នំពេញ)៖ បន្ទាប់ពីការប្រកាសដាក់ចេញនូវយុទ្ធនាការថ្មីមួយទៀតគឺយុទ្ធនាការដាំដើមឈើចាប់ពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣យ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំមកនោះ ត្រូវបាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បញ្ជាក់ថាឯកឧត្តមនឹងចូលរួមនាំយក កូនឈើប្រមាណ៣០ម៉ឺន ដើមក្នុងមួយឆ្នាំដើម្បីនាំយកទៅចូលរួមដាំក្នុងយុទ្ធនាការដើមឈើយ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថាកន្លងមក រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមធ្វើការបណ្តុះកូនឈើច្រើនប្រភេទក្នុងនេះមានដូចជា៖ កូនឈើឈើហូបផ្លែ កូនឈើប្រណិត ប្រភេទកូនឈើដាំតាមទីសាធារណៈដែលផ្តល់ម្លប់ និងបរិស្ថានបៃតងស្រស់ស្អាតល្អនោះត្រូវបានបណ្តុះជាបន្តបន្ទាប់ ហើយនឹងត្រូវយកទៅដាំតាមទីតាំងនានាក្នុងនេះដូចជាព្រៃសហគមន៍ សាលារៀន វត្តអារាម ទីសាធារណៈជាដើម។

តាមរយៈយុទ្ធនាការនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យមន្ទីរបរិស្ថានរាជនី ខេត្តចូលរួមបណ្តុះកូនឈើ ហើយចែកជូនដល់ប្រជាសហកមន៍យ៉ាងហោចណាស់ឱ្យបាន១០ម៉ឺនដើមក្នុងមួយឆ្នាំដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើនេះនាថ្ងៃខាងមុខ។

តាមរយៈយុទ្ធនាការថ្ងៃ១០ តុលា ឆ្នាំ ២០២៣នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែមលើសពីចំណូលតាមរយៈភ្ញៀវទេសចរនាពេលបច្ចុប្បន្ន។

លើសពីនេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការដាំកូនឈើហូបផ្លែនៅតាមតំបន់សហគមន៍មិនត្រឹមតែជួយបង្កើនភាពស្រស់ស្អាតដល់ភ្នែកទេសចរណ៍ទេ តែដើមឈើទាំងនោះនៅពេលហុចផ្លែវាអាចផ្តល់នូវប្រាក់ចំណូលតាមរយៈការលក់ដល់ភ្ញៀវទេសចរសម្រាប់ការជួយបង្កើនជីវភាពប្រជាសហគមន៍ថែមទៀត។

គួរបញ្ជាក់ថា ការបណ្តុះកូនឈើ និងការដាំកូនឈើឡើងវិញរបស់ក្រសួង បរិស្ថាននិងមន្ទីរបរិស្ថានរាជធានីខេត្ត មិនមែនត្រឹមតែចូលរួមការពារនិងអភិរក្សព្រៃឈើនោះទេ តែកិច្ចការនៃការចូលរួមដាំដើមឈើ ក៏បានផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ក្រៅពីនេះវានឹងរួមចំណែកបង្កើនប្រភេទពូជឈើប្រណីត និងប្រភេទឈើផ្សេងៗបន្ថែមលើវត្តមានរបស់រុក្ខជាតិនៅក្នុងព្រៃស្រាប់ និងបង្ហាញសម្រស់កាន់ស្រស់បំព្រងបន្ថែមទៅដល់ភ្ញៀវទេសចរដែលបានមកទស្សនានៅក្នុងតំបន់ទាំងនោះ៕