សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា មិនមែនធ្វើសកម្មភាពតែពេលល្អ ពេលលំបាកទុកប្រជាពលរដ្ឋចោលនោះទេ


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអះអាងថា ជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនទុកប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនយកចិត្តទុកដាក់នោះទេ ពោលជារាជរដ្ឋាភិបាលបុរេសកម្ម ហើយមិនមែនធ្វើសកម្មភាពតែពេលល្អ ពេលដែលលំបាកទុកប្រជាពលរដ្ឋចោលនោះឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រកាស​ដាក់​ឲ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោល​នយោ​បាយ​អាទិ​ភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាស​ដាក់ឲ្យអនុវត្តន៍​នៅក្នុង​ឆ្នាំ២០២៣នេះ, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ឆ្លើយតបនឹងទៅស្ថានភាពប្រែប្រួល និងការលំបាករបស់ប្រជាពលរដ្ឋក្នុងរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយគាំពារសង្គមជាបន្ដបន្ទាប់ ដើម្បីជួយដល់ប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «រដ្ឋាភិបាលជាគោលការណ៍នៅក្នុងស្មារតី មិនទុកអ្នកណាម្នាក់ចោល ដោយមិនបានការយកចិត្តទុកដាក់នោះទេ រាជរដ្ឋាភិបាលយើងមិនមែនធ្វើសកម្មភាពតែពេលល្អ ពេលដែលលំបាកទុកប្រជាជនចោលនោះទេ ប៉ុន្ដែរាជរដ្ឋាភិបាល គឺជារដ្ឋាភិបាលមួយដែលបុរេសកម្ម នៅក្នុង៤០ឆ្នាំនេះ ប្រវត្តិនៃការតស៊ូរំដោះប្រទេស រហូតទៅដល់ការបង្រួបបង្រួមជាតិ និងការជួយទៅដល់ប្រជាពលរដ្ឋ»

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល៤ឆ្នាំនេះ ពិភពលោកបានជួបប្រទះនូវបញ្ហាផ្ទួនៗ រួមមាន បញ្ហានៃវិបត្តិជំងឺកូវីដ១៩ ដែលប៉ះពាល់ទៅដល់ជីវភាពសង្គម និងសុខភាព អាយុជីវិតប្រជាពលរដ្ឋ ក្រោយមកក៏មានបញ្ហា ដែលបង្កឡើងដោយសារសង្គ្រាម នៅអឺរ៉ុប ក៏ដូចជាឥលូវរាលទៅដល់នៅមជ្ឈិមបូព៌ា និងនៅកន្លែងផ្សេងទៀត សូម្បីតែនៅក្នុងអាស៊ាន ក៏មាននៅប្រទេសភូមា។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានបន្ដថា ក្រៅពីនោះវិបត្តិដែលប្រឈមពីអតិផរណា នៃសេដ្ឋកិច្ចពិភពលោក ក៏ប៉ះពាល់ដល់កម្ពុជា ដោយសារសេដ្ឋកិច្ចរបស់កម្ពុជាបច្ចុប្បន្ន មិនមែនសេដ្ឋកិច្ចដាច់ដោយដុំនោះទេ គឺភ្ជាប់សមាហរណកម្មជាមួយសេដ្ឋកិច្ចពិភពលោក ដូច្នេះអ្វីដែលអាចប៉ះពាល់ គឺប៉ះពាល់ផ្ទាល់ដល់ប្រទេស និងប្រជាជនកម្ពុជាតែម្ដង។ នៅក្នុងន័យនេះ គឺជាបញ្ជាឲ្យរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា កិច្ចការនេះ គឺត្រូវធ្វើជាប្រចាំ ហើយកន្លងទៅរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលនយោបាយគាំពារសង្គមជាបន្តបន្ទាប់ ហើយបានជួយដល់ប្រជាពលរដ្ឋជាច្រើនមុខព្រួញ ជាពិសេសឆ្លើយតបទៅនឹងសម្ពាធ និងបាតុភាពដែលកើតឡើង ដូចជាជំងឺកូវីដ១៩ បញ្ហាគ្រោះទឹកជំនន់ បញ្ហាសម្ពាធអតិផរណា ដែលបង្កើតពីអតិផរណាពិភពលោក បញ្ហាផ្សេងៗដែលកើត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា ជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះ គឺដឹងបន្តនូវគោលការណ៍ធ្វើយ៉ាងណា ប្រព័ន្ធនៃការគាំពារសង្គម ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋត្រូវតែបន្តពង្រឹង ដើម្បីធ្វើយ៉ាងណា មានប្រសិទ្ធភាព ធានានូវសុគតភាព និងប្រសិទ្ធភាព និងការដោះស្រាយជូនប្រជាពលរដ្ឋទាន់ពេលវេលា ជាពិសេសប្រជាពលរដ្ឋដែលត្រូវការជំនួយសង្គម។

សូមរំលឹកថា ដើម្បីឆ្លើយតបនឹងគ្រោះអាសន្ន, រាជរដ្ឋា​ភិបាលក៏បានដាក់ឲ្យដំណើរការកម្មវិធីជំនួយ​សង្គម​ពិសេស ដែលរួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង ពេលប្រយុទ្ធ​នឹងជំងឺកូវីដ-១៩ (កំពុងបន្ត), កម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្រោយពេលបិទខ្ទប់ទ្រង់ទ្រាយធំ (បានបិទ បញ្ចប់) និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ និង ពីសម្ពាធអតិផរណា (បានបិទបញ្ចប់ផងដែរ)៕