កងទ័ពមួកខៀវកម្ពុជា៧៣រូប ធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជាដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មក្រោមឆត្រ UN នៅស៊ូដង់ខាងត្បូង


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កងអនុសេនាធំអាវុធហត្ថលេខ១៧១ បានធ្វើមាតុភូមិនិវត្តន៍មកដល់មាតុភូមិកម្ពុជាវិញ ដោយសុខសុវត្ថិភាព ក្រោយបំពេញបេសកកម្មជោគជ័យ ក្រោមឆត្រអង្គការសហប្រជាជាតិ ប្រកបដោយប្រសិទ្ធិភាព និងលទ្ធផលជាទីមោទនភាពជូនជាតិ។

កម្លាំងដែលធ្វើមាតុភូមិនិវត្តន៍នាពេលនេះជាកងទី១១ ដែលបានបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង មានចំនួនសរុប ៧៣នាក់ ក្នុងនោះមាននារី ៣៣នាក់ ស្មើនឹង៤៧ភាគរយ។ នេះជាកងដែលមាននារី ច្រើនជាងគេបង្អស់ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការចូលរួមរបស់នារីក្នុងតំបន់បេសកកម្ម។

ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញទទួលកងកម្លាំងមួកខៀវកម្ពុជា ដែលបានមកដល់មាតុភូមិនាពេលនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងថា កងអនុសេនាធំអាវុធហត្ថលេខ១៧១ បានអនុវត្តភារកិច្ចដូចកង​មុនៗ​ផងដែរ ដោយឡែកយោធិននារីក៏មានឱកាសចូលរួមសកម្មភាពការងារ​យ៉ាង​សកម្មជូនជាតិមាតុភូមិ និងនៅលើឆាកអន្តរជាតិ ដូចបុរសដែរ ទោះបីជាស្ថិតក្នុង​ស្ថាន​​ភាពអសន្តិសុខក៏ដោយ ដែលនេះជាការ​បង្ហាញ​ពីវីរភាពរបស់កងយោធពល​ខេមរភូមិន្ទ។

គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ក្នុងចំណោម ៦៣ប្រទេសបរិច្ចាគកងកម្លាំង នាខែមេសា ឆ្នាំ២០១២។

កងកម្លាំងមួកខៀវកម្ពុជា បានពង្រាយកម្លាំង និងបោះទីតាំងឈរជើងនៅ ៧គោលដៅ ក្នុង៦រដ្ឋ ដែលជាកងផ្តល់ការពារដល់ជនស៊ីវិល ធ្វើការល្បាតថ្មើរជើងនិងតាមរថយន្តរយៈពេលខ្លី មធ្យម និងវែងធ្វើការស៊ើបអង្កេតលើ គ្រោះថ្នាក់ចរាចរណ៍ បទឧក្រិដ្ឋ និងអំពើហឹង្សានានា ដែលបង្កឡើងដោយមួកខៀវប្រជាមួយប្រជាពលរដ្ឋ និងអនុវត្តភារកិច្ចតាមបទបញ្ជាររបស់បេសកកម្ម។ ទន្ទឹមនោះ ក៏បានការពារក្បួនជូនឥស្សរជនជាន់ខ្ពស់មកពី អង្គការសហប្រជាជាតិ និងបណ្តាប្រទេសបរិច្ចាគកម្លាំង ដែលបានចុះទស្សនកិច្ចកងកម្លាំងរក្សាសន្តិភាព ក្នុងតំបន់បេសកកម្ម UNMISS៕