ក្រសួងអធិការកិច្ច និងមន្ទីរពេទ្យព្រះកេតុមាលា ចុះហត្ថលេខា ស្តីពីការលើកកម្ពស់សុខុមាលភាព ជូនមន្ត្រីរាជការក្រសួង ដើម្បីលើកកម្ពស់សុខុមាលភាព


(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់សុខុមាលភាព ដល់មន្ត្រីរាជការ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម គឺមិនបោះបង់ចោល ប្រជាពលរដ្ឋណាម្នាក់ សម្រាប់ក្រសួងអធិការកិច្ច ក៏បានដាក់ចេញនូវគោលការណ៍ថា ក្រសួង ក៏មិនត្រូវបោះបង់ចោលមន្ត្រីរាជការណាម្នាក់ដែរ មន្ត្រីគឺជាភាគរួម ដែលមានវិសាលភាពគ្របដណ្តប់លើថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏រួមជាមួយអស់លោក លោកស្រី ដែលជានិវត្តន៍ជនរបស់ក្រសួងអធិការកិច្ចផងដែរ ព្រោះថា បញ្ហាសុខភាពសំខាន់ណាស់ ។

ការថ្លែងបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ខណៈឯកឧត្តម រួមជាមួយឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ រវាងក្រសួងអធិការកិច្ច និងមន្ទីរពេទ្យព្រះកេតុមាលា នៅទីស្តីការក្រសួងអធិការកិច្ច ។

ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ដោយមានលោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងលោកឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា ជាហត្ថលេខី លើអនុស្សរណៈនៃការយោគយល់នេះ បានផ្តោតសំខាន់ទៅលើការលើកកម្ពស់សុខុមាលភាពជូនមន្ត្រីរាជការក្រសួងអធិការកិច្ច។

ឯកឧត្តម ហួត ហាក់ បានជំរាបជូនដល់មន្ត្រីរាជការ ទាំងថ្នាក់ជាតិ ទាំងមន្ទីរ២៥រាជធានី-ខេត្ត សូមយកចិត្តទុកដាក់ចូលរួមឈ្វេងយល់ពីខ្លឹមសារ និងអត្ថប្រយោជន៍ នៃការចុះអនុស្សរណៈ រវាងក្រសួងអធិការកិច្ច និងមន្ទីពេទ្យព្រះកេតុមាលានេះ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា មន្ត្រីរាជការ នៃក្រសួងអធិការទាំងអស់ បានទទួលនូវសេវាថែទាំសុខភាព ដល់មន្ត្រីរាជការទាំងអស់ រួមទាំងប្តី-ប្រពន្ឋ កូន-ឪពុកម្តាយបង្កើត ពិសេសនិវត្តន៍ជន របស់ក្រសួងផងដែរ ព្រោះថា សុខភាព សំខាន់ណាស់ ។

នាឱកាសនោះ ឯកឧត្តម លី កុសល បានលើកឡើងថា កន្លងមកក្រោមការដឹកនាំដ៏ឈ្លាតវៃ របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នារវាងក្រសួងអធិការកិច្ច និងមន្ទីពេទ្យព្រះកេតុមាលា ស្តីពីការលើកកម្ពស់សុខុមាលភាព ជូនមន្ត្រីរាជការក្រសួងអធិការកិច្ច។

ឯកឧត្តម បានបន្តថា ថ្ងៃនេះ ក្រោមការដឹកនាំថ្មីរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទាំងពីរ ក៏ដូចជាមន្ទីពេទ្យព្រះកេតុមាលា មានសេចក្តីសោមនស្សរីករាយ ក្នុងការបន្តចុះអនុស្សរណៈ នៃកិច្ចយោគយល់គ្នាបន្តទៀត។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងនៅតែរក្សាបានឋិតថេរគង់វង្សយូរអង្វែង តទៅមុខទៀត ជារៀងរហូតជាក់ជាមិនខាន៕