(ភ្នំពេញ)៖ ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មី ទាំង៩រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ។
សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អមដោយអនុប្រធាន និងសមាជិក សរុបចំនួន៩រូប។
មុនចូលកាន់តំណែងជាផ្លូវការ ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មី ទាំង៩រូប នារសៀលថ្ងៃទី១៣ ខែធ្នូ ម្សិលមិញ បានចូលធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំងជាមុនសិន។
សមាសភាពក្បាលម៉ាស៊ីន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី នៃនីតិកាលទី៧ រដ្ឋសភា ទាំង៩រូបនោះ រួមមាន៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធាន, ឯកឧត្តម ជឺ ចំណាន ជាអនុប្រធាន និងមានសមាជិក៧រូបទៀត គឺ ឯកឧត្តម មាន សទិ ឯកឧត្តម ឌឹម សុវណ្ណារុំ ឯកឧត្តម សោម សូរីដា ឯកឧត្តម ហេង ស៊ីឡេង ឯកឧត្តម យិច សមិទ្ធិ ឯកឧត្តម ហ៊ែល សារ៉ាត់ និងឯកឧត្តម ហង្ស ពុទ្ធា ជាដើម។
សមាសភាពក្បាលម៉ាស៊ីនគ.ជ.បថ្មីទាំងនេះ ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នាព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅគាត់ថា (គ.ជ.ប) មានសមត្ថកិច្ចក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ក្រោមបាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព៕