សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ឲ្យផ្តល់ឥណទានគាំទ្រវិស័យកសិកម្ម និងវិស័យទេសចរណ៍


(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារធនាគារវីងថៅវើ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើកទឹកចិត្ត ឱ្យគ្រប់ធនាគារ ទាំងការពង្រីកឥណទាន និងបង្កើនសំពៀតឥណទាន ដល់វិស័យកសិកម្ម ជាពិសេសឥណទានសម្រាប់ដំណាំស្រូវ និងឥណទានបៃតង ដើម្បីបង្កើនការនាំចេញអង្ករប្រណិតកម្ពុជាទៅទីផ្សារអន្តរជាតិ លើកកម្ពស់ចីរភាព និងរួមចំណែកដល់ការពង្រឹងសន្តិសុខស្បៀង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់ធនាគារ ទាំងការពង្រីកឥណទាន និងបង្កើនសំពៀតឥណទាន ដល់វិស័យកសិកម្ម ជាពិសេសឥណទានសម្រាប់ដំណាំស្រូវ និងឥណទានបៃតង ដើម្បីបង្កើនការនាំចេញអង្ករប្រណិតកម្ពុជាទៅទីផ្សារអន្តរជាតិ, លើកកម្ពស់ចីរភាព និងរួមចំណែកដល់ការពង្រឹងសន្តិសុខស្បៀង ព្រមទាំងរួមចំណែកដល់កម្មវិធីគោលអទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញចំពោះវិស័យទេសចរណ៍ ជាពិសេសជួយវិស័យទេសចរណ៍នៅខេត្តសៀមរាប ជួយដល់អតិថិជនដែលជួបប្រទះការលំបាក ផ្នែកហិរញ្ញវត្ថុបណ្ដោះអាសន្ន ដោយមិនចាំបាច់ធ្វើសំវិធាន រយៈពេល១២ខែ ដែលសម្តេចបានប្រកាសអនុញ្ញាត ក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ធនាគារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវរៀបចំកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរនៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌ អនុគ្រោះផ្សេងៗទៀត ដើម្បីអនុញ្ញាតឲ្យបងប្អូនដែលជាប្រតិបត្តិករទេសចរ អាចទទួលបានហិរញ្ញប្បទាន ក្នុងចំនួនទឹកប្រាក់សមរម្យ និងសមស្របតាមប្រភេទអាជីវកម្មផងដែរ៕