រដ្ឋបាលខេត្តបន្ទាយមានជ័យ បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ឯកឧត្តម ឌិត ទីណា៖ រដ្ឋបាលខេត្ត ត្រូវខិតខំចូលរួមបង្កើនសមត្ថភាព និងលទ្ធភាពទទួលខុសត្រូវដោះស្រាយជូនពលរដ្ឋ


(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្ត និងមន្រ្តីជិត៧០០នាក់។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អ៊ុំ រាត្រី បានសង្ខេបការងារអនុវត្តក្នុងខេត្តបន្ទាយមានជ័យ មានរយៈពេលពេញ១ឆ្នាំថា រដ្ឋបាលខេត្តបានបំពេញតួនាទីភារកិច្ច១ឆ្នាំកន្លងមក ក្នុងការចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិដូចជា ទឹកជំនន់ អគ្គិភ័យ និងផ្តល់សេវាបណ្ណក្រីក្រជូនប្រជាពលរដ្ឋ ប្រកបដោយមានការយកចិត្តទុកដាក់អស់ពីកំលាំងកាយចិត្ត យុត្តិធម៌ ឲ្យមន្ត្រីចុះដល់មូលដ្ឋានក្នុងនោះមានបណ្ណ ក្រ១ ក្រ២ ក្រ៣។

ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងពីបញ្ហាការងារព្រំដែនដែលមានសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អជាមួយថៃ។ ក្នុងនោះសមត្ថកិច្ចបានទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាបានយ៉ាងល្អ ជាពិសេសការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងផុសផុល។

ឯកឧត្តមបានបន្តទៀតថា រដ្ឋបាលក្រុងស្រុកឃុំសង្កាត់ និងកម្លាំងមានសមត្ថកិច្ច បានចុះប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងនៅតាម មូលដ្ឋាន និងក្មេងទំនើងកាប់ចាក់គ្នាតាមផ្លូវជាដើម។ សមត្ថកិច្ចបានចុះបង្ក្រាបសកម្មភាពរំលោភយកដីសាធារណៈ ការសាងសង់សំណង់ផ្សេងៗ រំលោភលើដីចំណីផ្លូវ និងការចាក់ដីចូលព្រែក ទន្លេ បឹងបួរ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិឯកជនជាដើម។

រដ្ឋបាលខេត្តបានជំរុញការងារស្ថិតិ និងអត្រានុកូលដ្ឋាន អត្ថសញ្ញាណប័ណ្ណ ប័ណ្ណព្រំដែន និងពង្រឹងការបង្កបង្កើនផលស្រូវ និងដំណាំផ្សេងៗ ដើម្បីលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ទប់ស្កាត់ បង្ក្រាបអំពើរត់ពន្ធ និងបទល្មើសគ្រប់ជំនាញផងដែរ។

នៅក្នុងឱកាសនោះឯកឧត្តម ឌិត ទីណា បានវាយតម្លៃខ្ពស់ និងកោតសរសើរថ្នាក់ដឹកនាំ មន្ត្រី និងអាជ្ញាធរដែនដី មន្ទីរស្ថាប័នជំនាញ កងកម្លាំងប្រដាប់អាវុធរបស់ស្ថាប័នរដ្ឋ ព្រមទាំងវិស័យឯកជន និងអង្គការដៃគូអភិវឌ្ឍន៍ ដែលបានខិតខំសហការគ្នាសម្រេចបានស្នាដៃល្អ និងសមិទ្ធិផលថ្មីៗបន្ថែមច្រើនសន្ធឹកនៅក្នុងខេត្តបន្ទាយមានជ័យនេះ។

ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា បានណែនាំឲ្យរដ្ឋបាលខេត្ត ត្រូវខិតខំទ្វេរឡើង ដោយចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័នថ្នាក់ជាតិ ក្នុងការបង្កើនសមត្ថភាព លទ្ធភាពទទួលខុសត្រូវ ទ្រោលសភាពការណ៍បច្ចុប្បន្នភាព និងតទៅខាងមុខ ពិសេសមន្ត្រីបន្តធ្វើល្អ ដើម្បីឆ្លើយតបសំណូមពរពលរដ្ឋ ធ្វើឲ្យពលរដ្ឋនៅតែគាំទ្រ ស្រឡាញ់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពជា។

ឯកឧត្តមបានណែនាំឲ្យត្រូវបង្កើនការចុះមូលដ្ឋាន ឬធ្វើវេទិកាសាធារណៈនានា ដើម្បីពន្យល់ពលរដ្ឋឲ្យជឿជាក់លើគណបក្សប្រជាជន៕