សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដរាបណាមានសុខសន្តិភាព ជាតិនៅតែបន្តអភិវឌ្ឍន៍ ហើយនេះជាមោទនភាពរបស់កម្ពុជា


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ដរាបណាសន្តិភាពនៅតែធានាបាន មិនមានការបែកបាក់តទៅទៀត ប្រទេសជាតិនឹងកាន់តែអភិវឌ្ឍរីកចម្រើនតទៅទៀត ហើយនេះគឺជាអ្វីដែលយើងជាខ្មែរត្រូវមានមោទភាពទាំងអស់គ្នា ហើយយើងជាកូនខ្មែរត្រូវការពារឱ្យបាននូវសុខសន្តិភាព និងឯកភាពជាតិ ដែលរកបានដោយការលំបាកនេះ។

ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា ទទឹមនឹងយើងនិយាយពីអ្វីនៅពេលបច្ចុប្បន្ន និងសមិទ្ធផលយើងទៅអនាគត យើងត្រូវនិយាយផងដែរថា យើងត្រូវដាក់ទិសដៅដើម្បីការពារនូវសមិទ្ធផលនេះ នឹងធានានូវការវិវឌ្ឍតទៅមុខទៀតកុំឲ្យវាថយដូច ៤០ឆ្នាំមុន ដោយយើងត្រូវការពារសុខសន្តិភាពឱ្យបានជាដាច់ខាត។

សម្តេចធិបតី បានគូសបញ្ជាក់ថា ស្រុកខ្មែរដីកន្លែងណាក៏បាននៅកម្ពុជា ក៏សម្តេចអាចនិយាយពីប្រវត្តិជូរចត់នៅកន្លែងនោះបានដែរ ដោយគ្មានដីខ្មែរកន្លែងណាមានប្រជាជនរស់នៅសុខសាន្តពេលជំនាន់សង្គ្រាម នៅជំនាន់ ប៉ុល ពត នោះទេ ហើយនៅតំបន់ជើងឯកនេះក៏មិនខុសគ្នាដែរ, ហើយយើងមើលពីសមិទ្ធផលនៅតំបន់ជើងឯកនេះ ត្រូវកុំភ្លេចងាកមើលថានៅពេលនេះយើងបានដើរដល់ណាហើយ។

ជាមួយនឹងការថែរក្សាបាននូវសុខសន្តិភាពនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «មានអ្នកខ្លះគេចោទប្រកាន់ថា ហ៊ុន ម៉ាណែត, សម្តេចតេជោ ថ្នាក់ដឹកនាំរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ទៅណានិយាយតែរឿងប្រវត្តិសាស្ត្រ និងយាយតែរឿងដដែល, តែនិយាយនេះដើម្បីឱ្យចងចាំពីប្រវត្តិសាស្ត្រ និយាយឲ្យដឹងថាយើងដើរដល់ណា ដើម្បីយើងត្រូវមានភាពជឿជាក់ និងមានមោទនភាពថាខ្មែរយើងបានរួមគ្នាដើរដល់ចំណុចនេះ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ទោះបីយើងមិនទាន់វិវឌ្ឍដូចអាមេរិកក៏ដោយ ប៉ុន្តែបើប្រៀបធៀបនៅក្នុងការវិវត្តពីកន្លែងមួយ ទៅកន្លែងមួយ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ យើងគួរតែមានមោទនភាពក្នុងនាមជាខ្មែរ ដែលយើងបានចេញពីដំណាក់កាលនៃការបែកបាក់ កាប់សម្លាប់គ្នា ជាក់ស្តែងតំបន់ជើងឯក កាលពី ៤០ ទៅ ៥០ឆ្នាំមុន ជាកន្លែងវាយខ្មោច តែឥលូវនេះបានក្លាយទៅជាកន្លែងដែលកសាងបានសមិទ្ធផលជាច្រើន ហើយទៅថ្ងៃអនាគត ដរាបណាសន្តិភាពនៅតែធានា មិនបែកបាក់តទៅទៀត តំបន់បឹងជើងឯកនេះនឹងកាន់តែអភិវឌ្ឍតទៅទៀត នេះគឺជាអ្វីដែលយើងជាខ្មែរត្រូវមានមោទភាពទាំងអស់គ្នា ហើយយើងជាកូនខ្មែរត្រូវការពារឱ្យបាននូវឱកាសនេះ។

បន្ថែមពីនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា នៅពេលយើងនិយាយពីសមិទ្ធផល យើងក៏ត្រូវនិយាយផងដែរនូវការការពារឱ្យបានយូរអង្វែង ហើយអ្វីដែលសំខាន់បំផុតត្រូវការពារឱ្យបាន គឺបរិស្ថានដែលអំណោយផលឱ្យប្រជាជនបានរស់រានមានជីវិត និងឈប់កាប់ចាក់គ្នា និងរួមគ្នាកសាងប្រទេស តាមរយៈការថែរក្សាសុខសន្តិភាព និងឯកភាពជាតិរបស់យើង ដែលរកបានដោយការលំបាកនេះ៕