សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបង្កើតទិវាសន្តិភាពទៀតឡើយ ព្រោះទិវានយោបាយឈ្នះ-ឈ្នះនិងការបញ្ចប់សង្គ្រាមនៅកម្ពុជា ២៩ធ្នូ គឺជាទិវាសន្តិភាពស្រាប់ហើយ


(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងមតិយោបល់ដែលចង់បង្កើតទិវាសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេចមិនបង្កើតទិវាសន្តិភាពទៀតនោះទេ ពីព្រោះទិវានយោបាយឈ្នះ-ឈ្នះនិងការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលប្រារព្ធឡើងនៅថ្ងៃទី២៩ ខែធ្នូនោះ គឺមានអត្ថន័យជាទិវាសន្តិភាពស្រាប់ហើយ។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតី រួមជាមួយលោក អ៊ូអិណុ អាត់ត្សឹស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

សម្ដេចធិបតីបានឱ្យដឹងថា ២ថ្ងៃទៀត កម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ នៃការសម្រេចបាននូវនយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្គ្រាមនៅកម្ពុជា ២៩ធ្នូ១៩៩៨ ដល់ ២៩ធ្នូ២០២៣។

សម្ដេចធិបតីបានបន្តថា «ថ្ងៃមុនមានគេលើកយោបល់ថា គួរតែមានទិវាសន្តិភាព ខ្ញុំថាមិនបាច់មានទិវាសន្តិភាពទេ ទិវាបញ្ចប់សង្គ្រាមនិងបង្រួបបង្រួមទឹកដីនេះហើយ ដែលអត្ថន័យវាគឺទិវាសន្តិភាព»

សម្ដេចធិបតីបន្តទៀតថា ផលលាភដែលកើតមានរហូតមកដល់ថ្ងៃនេះ គឺបានពីការបញ្ចប់សង្គ្រាមកាលពី២៥ឆ្នាំមុន ហើយបន្តការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចរហូតដល់ពេលបច្ចុប្បន្ន។ យើងត្រូវដាក់ទិសដៅថា អ្វីដែលមានដូចសព្វថ្ងៃនេះ ត្រូវតែធានាកុំឱ្យថយទៅរកស្ថានភាពសង្គ្រាមកាលពី៤០ឆ្នាំមុន ពោលគឺត្រូវធានាសុខសន្តិភាពឱ្យបានជាដាច់ខាត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជាគ្រប់ទីកន្លែងគឺសុទ្ធតែធ្លាប់រងទុក្ខដោយសារសង្គ្រាម ប្រជាពលរដ្ឋរស់នៅវេទនាជូរចត់កាលពីជំនាន់ខ្មែរក្រហម។ នេះគឺជាសច្ចភាពនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលយើងគ្រប់គ្នាត្រូវចងចាំ និងត្រូវជៀសវាងកុំឱ្យប្រវត្តិសាស្ត្រដ៏ជូរចត់នោះត្រឡប់មកកើតមានម្ដងទៀត។

សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការលើកឡើងពីប្រវត្តិសាស្ត្រ ប្រវត្តិសង្គ្រាមកាលពីអតីតកាលនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋចងចាំពីប្រវត្តិសាស្ត្រ ហើយប្រៀបធៀបមកដល់ពេលបច្ចុប្បន្នថា ប្រទេសយើងដើរដល់ណាហើយ។

ការនិយាយពីប្រវត្តិសាស្ត្រ គឺចង់ឱ្យប្រជាពលរដ្ឋមើលឃើញពីមោទនភាពថា ខ្មែរយើងបានរួបរួមសាមគ្គីគ្នាកសាងប្រទេសដែលខ្ទេចខ្ទាំក្នុងភ្លើងសង្គ្រាម រហូតបានរីកចម្រើនមកដល់ចំណុចនេះ ទោះបីមិនបានដូចមហាប្រទេសនៅលើសកលលោកក៏ដោយ។ ម្យ៉ាងទៀតក៏ដើម្បីឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាពឱ្យខាងតែបាន ដើម្បីបន្តការអភិវឌ្ឍរីកចម្រើនតទៅមុខទៀត៕