រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់ផែនការអនុវត្តកម្មវិធីកំណែទម្រង់ស្នូលទាំង៣របស់រាជរដ្ឋាភិបាល


(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានដាក់ផែនការដល់មន្ត្រីរាជការក្រោមឱវាទ ក្នុងការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីកំណែទម្រង់ស្នូលទាំង៣ គឺកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការ/វិសហមជ្ឈការ។

ការសង្កត់ធ្ងន់នេះធ្វើឡើងក្នុងបើកសន្និបាតបូកសរុបការអនុវត្តការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ រយៈពេល២ថ្ងៃ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងអង្គភាពជុំវិញរដ្ឋបាលខេត្តប្រមាណជាង៦០០នាក់។

ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា រដ្ឋបាលខេត្តផ្តោតសំខាន់ការទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកឲ្យមកវិនិយោគក្នុងខេត្ត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋក្នុងខេត្ត មានការងារធ្វើ រកបានប្រាក់ចំណូលខ្ពស់ និងជីវភាពសមរម្យ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ឯកឧត្តមបានបន្តថា ក្នុងឆ្នាំ២០២៣នេះ ដើម្បីចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីកំណែទម្រង់ស្នូលទាំងបី គឺកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការឱ្យមានភាពប្រទាក់ក្រឡាស៊ីចង្វាក់គ្នា រដ្ឋបាលខេត្តបានរៀបចំអនុវត្តនូវគោលការណ៍ និងផែនការសកម្មភាពប្រចាំឆ្នាំ និងតាមដានត្រួតពិនិត្យ វាយតម្លៃអំពីសមិទ្ធផល និងបញ្ហាប្រឈមនានា ដើម្បីកំណត់វិធានការក្នុងការដោះស្រាយបញ្ហាប្រឈមជាប់ជាប្រចាំ។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់លើការគាំទ្រកែទម្រង់រដ្ឋបាលសាធារណៈ រដ្ឋបាលខេត្តបានខិតខំពង្រឹងនិងលើកកម្ពស់ជាប្រចាំនូវគុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ រួមទាំងការផ្តល់សេវារដ្ឋបាលនានាជូនប្រជាពលរដ្ឋ ការគាំទ្រនៃការកែទម្រង់ មន្ត្រីរាជការស៊ីវិល ពង្រឹងការតែងតាំង ដំឡើងថ្នាក់ ឋានន្តរស័ក្តិ ការគ្រប់គ្រងវត្តមាន និងការបំពេញការងាររបស់មន្ត្រីគ្រប់លំដាប់ថ្នាក់តាមមន្ទីរអង្គភាពនីមួយៗ។

លើសពីនេះ ការគាំទ្រលើតួនាទី ភារកិច្ចក្នុងរចនាសម្ពន្ធរបស់រដ្ឋបាលក្រុងស្រុក ក្រោយពីការធ្វើសមារណកម្មការិយាល័យជំនាញជុំវិញសាលាក្រុង/ស្រុកឱ្យមកចំណុះរដ្ឋបាលក្រុង/ស្រុក សំដៅកែលម្អនិងពង្រឹងប្រសិទ្ធភាពការងារនៅក្នុងស្ថាប័ន។

លើសពីនេះទៀត រដ្ឋបាលខេត្តបានចុះធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្នុងអាណត្តិទី៣ នៅទូទាំងក្រុង/ស្រុកទាំង៩ ដោយប្រមូលបញ្ហាប្រឈម ក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា។

ទោះបីមានបញ្ហាប្រឈមសេសសល់មួយចំនួន ដែលយើងកំពុងជួបប្រទះក្នុងនោះបញ្ហាមួយចំនួនមានលក្ខណៈងាយស្រួលក្នុងការដោះស្រាយ ហើយបញ្ហាមួយចំនួនទៀតមានលក្ខណៈស្មុគស្មាញ និងត្រូវចំណាយពេលវេលាយូរក្នុងការដោះស្រាយបញ្ចប់ ក៏រដ្ឋបាលខេត្តបានប្តេជ្ញាចិត្តខិតខំបន្តដោះស្រាយនូវរាល់បញ្ហាទាំងអស់នោះជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយតម្លាភាព និងយុត្តិធម៌៕