សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ភោធជាផ្លូវការ សាលប្រជុំរបស់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកឆ្លូង ដែលមានតំលៃជាង ៣៤ម៉ឺនដុល្លា


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធសាលប្រជុំរបស់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម វ៉ា ថន បានលើកឡើងថា ៖ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះមានឆន្ទៈមោះមុត ពុះពាររាល់ការលំបាកដោយឈរលើស្មារតីសាមគ្គី សហការ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដោយពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព យ៉ាងខ្ជាប់ខ្ជួន ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយសង្គមជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណ:បក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ។
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដែលបំរើឲ្យរដ្ឋបាលគណបក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញេលញ ។
សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់សមាជិកបក្សយើង ត្រូវចូលរួមថែក្សាសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំរបស់យើងទាំងអស់គ្នាឲ្យបានគង់វង់ ត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិកាន់តែមានរីកចម្រើនថែមទៀត ។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឆាន់ សាផាន និងលោកជំទាវ, ឯកឧត្តម វ៉ា ថន និងលោកជំទាវ រួមជាមួយ សហការី និងអាជ្ញារធរខេត្តគ្រប់ លំដាប់ថ្នាក់ បានរួមគ្នា កសាងនូវសាលប្រជុំរបស់ស្នាក់ការគណបក្សប្រជាជនកម្ពុជាដ៏ស្កឹមស្កៃ ដែលបានចំណាយថវិកាសាងសង់អស់ជាង ៣៤ម៉ឺនដុល្លាសហរដ្ឋអាមេរិក។