អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ដោះស្រាយបើកទឹក ជូនប្រជាកសិករ ក្នុងស្រុកបាកាន ដែលអាចនឹងប្រឈមបញ្ហាខ្វះខាតទឹកបង្កបង្កើនផល ខណៈដែលពួកគាត់អនុវត្តលើសផែនការកំណត់


(ពោធិ៍សាត់)៖ ក្រោយទទួលបានសំណើជួយអន្តរាគមន៍បន្ទាន់ ទាក់ទងនឹងកង្វះខាតទឹក បង្កបង្កើនផលស្រូវរដូវប្រាំង ចាប់ពីចំណុចអាងបឹងកន្សែង (ចុងប្រឡាយមេ) ស្ថិតក្នុងភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន រហូតដល់ដើមទំនប់ដំណាក់អំពិល, នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ ដើម្បីរិះរកវិធានការណ៍ជួយអន្តរាគមន៍ ដោះស្រាយបើកទឹកជូនបងប្អូនប្រជាកសិករ ដែលកំពុងជួបបញ្ហា ខណៈដែលពួកគាត់បានអនុវត្តលើសផែនការកំណត់។

បើតាមលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងខេត្ត គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ សម្រេចបានសរុបចំនួន ៥០,៥១៨ហិកតា ស្មើនឹង២៥២,៥៩% នៃផែនការប្រចាំឆ្នាំ ២០,០០០ហិកតា។ ដូច្នេះហើយ បើតាមតួលេខ និងការពិនិត្យជាក់ស្តែង ផ្ទៃដីដែលបងប្អូនប្រជាកសិករអនុវត្តបាននោះ គឺលើសពីផែនការកំណត់របស់សមត្ថកិច្ចជំនាញ ហើយពួកគាត់អាចនឹងជួបបញ្ហាខ្វះទឹក នាពេលខាងមុខផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានស្នើដល់អាជ្ញាធរស្រុកឃុំ ណែនាំប្រជាកសិករ សូមកុំបន្តធ្វើស្រែប្រាំងបន្ថែមទៀត ខណៈនាពេលខាងមុខ អាចនឹងប្រឈមនឹងបញ្ហាខ្វះខាតទឹក ហើយអាជ្ញាធរនឹងរិះរកវិធីសាស្ត្រដោះស្រាយ ការបង្កបង្កើនផលស្រូវ ដែលលើសផែនការនេះ។ ជាការពិតណាស់ថា បងប្អូនប្រជាកសិករ បានបូមទឹកចេញពីប្រឡាយ បឹងស្រកដល់បាតក្រោម ដើម្បីការពារស្រែស្រូវក៏ពិតមែន ក៏ប៉ុន្តែយើងនៅមានទំនប់ទី៣ និងទី៥ ដែលស្ដុកទឹកបានជាង៥០លានម៉ែតគូប សម្រាប់បើកទឹកបញ្ជូនតាមស្ទឹង ប្រឡាយមេ ប្រឡាយរង ឬប្រឡាយក្អែប ដើម្បីត្រៀមសម្រាប់ប្រជាកសិករ បូមដាក់ស្រែរៀងៗខ្លួន។

ឯកឧត្តមបានថ្លែងទៀតថា «ការធ្វើស្រែ ត្រូវការស្រូវពូជ និងទឹក, បើមានស្រូវពូជខ្វះទឹក ឬមានតែទឹកខ្វះស្រូវពូជ ក៏យើងមិនអាចដំណើរការទៅបានដែរ» នេះជាគោលនយោបាយមួយ របស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តតួនាទីភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនាមជាអ្នកបម្រើរាស្ត្រ មិនត្រូវសម្ងំស្ងៀម ពេលប្រជាពលរដ្ឋជួបបញ្ហានោះឡើយ។ ជាក់ស្ដែងដូចជាករណីធ្វើស្រែប្រាំង លើសផែនការកំណត់ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានធ្វើការណែនាំរួចមកហើយ តែបងប្អូននៅតែបន្តធ្វើ ដូច្នេះហើយក្នុងនាមអាជ្ញាធរខេត្ត បើប្រជាពលរដ្ឋមានបញ្ហា ហើយមិនជួយអន្តរាគមន៍ទេនោះ ស្រែស្រូវរបស់បងប្អូន អាចនឹងប្រឈមនាពេលខាងមុខ។ លោកក៏បានណែនាំដល់មន្ទីរជំនាញ ឱ្យបើកទ្វាទឹក នៅទំនប់ទី៣ និងទី៥ ដើម្បីជួយអន្តរាគម៍ ដល់បងប្អូនប្រជាពលរដ្ឋយើង ឱ្យបានទាន់ពេលវេលា ហើយអាជ្ញាធរស្រុកឃុំ ត្រូវផ្សព្វផ្សាយ និងគ្រប់គ្រង ការចែកចាយទឹកឱ្យបានត្រឹមត្រូវ។

ឯកឧត្តមក៏សូមកោតសរសើរ ចំពោះបងប្អូនប្រជាកសិករទាំងអស់ ដែលខិតខំប្រឹងប្រែងយ៉ាងសស្រាក់ស្រាំ ក្នុងការធ្វើស្រែប្រាំងស្ទើរតែគ្មានដីទំនេរ។ ទាំងនេះក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព មានប្រភពទឹង និងប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែងគ្រប់ទីកន្លែង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕