ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញធ្វើបាឋកថាជូននិស្សិត និងសិក្ខាកាមនគរបាលជាតិជិត៧០០នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ លើប្រធានបទស្តីពីការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង


(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងដោយមានការអនុញ្ញាតពីឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញធ្វើបាឋកថាប្រធានបទស្តីពីការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង ជូនដល់និស្សិត និងសិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល ជំនាន់ទី៥ សរុប៦៩៣នាក់ ដើម្បីចែករំលែក បទពិសោធន៍ជាក់ស្តែងនៃការដឹកនាំកងកម្លាំងអនុវត្តវិធានការបង្រ្កាបបទល្មើសជាក់ស្តែង។

ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា បទល្មើសជាក់ស្តែងគឺជាបទល្មើសដែលជនសង្ស័យកំពុងប្រព្រឹត្ត និងទើបតែប្រព្រឹត្តភ្លាមៗ រួមមាន បទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលកើតឡើងដេញប្រផាប់ចាប់ប្រភីង។

ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តថា ចំណែកការអនុវត្តវិធានការបង្រ្កាបបទល្មើសជាក់ស្តែង គឺយើងត្រូវប្រើប្រាស់កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យ ជាមួយនឹងការប្រើប្រាស់ មធ្យោបាយ និងសម្ភារ ការរៀបរយកម្លាំង បែកចែងកម្លាំងតូចៗចេញប្រតិបត្តិការ និងមានមេបញ្ជាការដឹកនាំបញ្ជាច្បាស់លាស់។ កម្លាំងបង្រ្កាបត្រូវទាមទារឱ្យមានការហ្វឹកហាត់ជំនាញច្បាស់លាស់ បំពាក់បំប៉នផ្លូវច្បាប់ បំពាក់ដោយមធ្យោបាយសម្ភារគ្រប់គ្រាន់ជូនដល់កងកម្លាំងប្រតិបត្តិការ។

ឯកឧត្តមអគ្គស្នងការក៏បានណែនាំ រាល់ការដឹកនាំកម្លាំងប្រតិបត្តិការទទួលបានជោគជ័យ រួមមាន៖

*ទី១៖ ត្រូវចេះរៀបចំផែនការសកម្មភាពការងារ
*ទី២៖ ត្រូវចាត់តាំងកម្លាំងអនុវត្តការងារ
*ទី៣៖ ត្រូវមានការដឹកនាំត្រួតពិនិត្យផែនការនោះជាប្រចាំ
*ទី៤៖ ត្រូវមានឆន្ទៈធ្វើការងារ
*ទី៥៖ ត្រូវស្មោះត្រង់វិជ្ជាជីវៈ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានឧបត្ថម្ភថវិកាសរុបចំនួន ៨លានរៀល ដោយជូនដល់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា ៤លានរៀល និងសិក្ខាកាមនគរបាល៤លានរៀល៕