សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវឲ្យរួមគ្នាថែរក្សាសមិទ្ធផលដែលសម្រេចបានឲ្យគង់វង្សជាដរាប និងប្តេជ្ញារួមគ្នាការពារដាច់ខាតថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងពង្រឹងឯកភាពជាតិ


(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា ក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជបកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ លោក លោកស្រី ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោកលោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ទាំងបី អាជ្ញាធរក្រុង ចៅសង្កាត់ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងបងប្អូនខ្មែរឥស្លាម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនកាយរិទ្ធ ក្រុមយុវជនកាកបាទក្រហម វិស័យឯកជន សមាគមន៍ និងប្រជាពលរដ្ឋប្រមាណជា ៤ពាន់នាក់ចូលរួមផងដែរ។

ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានខ្លឹមសារថា អត្ថន័យដ៏ជ្រាលជ្រៅនៃកម្លាំងមហាសាមគ្គីជាតិ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះ ឲ្យរួចចាកផុត ពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ពួក ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ដោយឡែក ខេត្តសៀមរាប ត្រូវបានរំដោះនៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងដ៏រាប។ ជាមួយគ្នានេះ ការចូលរួមប្រារព្ធពិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ គឺបានបញ្ជាក់ឲ្យឃើញថា ៤៥ឆ្នាំកន្លងផុតទៅ កម្ពុជាបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយយើងបានមកចូលរួមទាំងអស់គ្នា រំឮកពីទុក្ខសោក និងការព្រាត់ប្រាស់ក្នុងរបបដ៏ខ្មៅយង់ឃ្នងនៅពេលកន្លងទៅ ហើយយើងអាចមើលឃើញយ៉ាងច្បាស់ជាក់ស្តែងនូវសមិទ្ធិផល ដែលយើងទទួលបានពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្ននេះ ដែលកើតចេញពីការតស៊ូ ការលះបង់របស់ថ្នាក់ដឹកនាំ និងបុព្វបុរសរបស់យើង។

ក្នុងសារលិខិត បានបន្តថា ខួបទិវាជ័យជម្នះ ៧មករាឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀត លើគ្រប់វិស័យ បន្ទាប់ពីកម្ពុជា បានយកឈ្នះលើសមរភូមិ នៃវិបត្តិកូវិដ-១៩ ដែលបង្កលក្ខណៈឲ្យយើង បានបើកប្រទេសឡើងវិញចាប់ចុងឆ្នាំ២០២១ និងបានកំពុងបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។ ស្របពេលជាមួយគ្នានេះ យើងក៏ត្រូវសម្លឹងមើលទៅអនាគតរបស់កម្ពុជា និងប្រជាជនកម្ពុជាគ្រប់ជំនាន់ជាបន្តបន្ទាប់ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់។

ក្នុងនាមជាអ្នកបន្តវេនត្រូវមានទំនួលខុសត្រូវខ្ពស់ ក្នុងការប្តេជ្ញាថែរក្សាសមិទ្ធផលដែលសម្រេចបានឲ្យគង់វង្សជាដរាប និងប្តេជ្ញារួមគ្នាការពារដាច់ខាតថែរក្សានូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹងឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ បង្កើនការរីកចម្រើនប្រកបដោយចីរភាព ដើម្បីធានាបាននូវអនាគតកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាន់ក្រោយៗ ក្នុងការបន្តរស់នៅប្រកបដោយភាពសុខដុមរមនា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងនូវជីវប្រវត្តិដ៏សែនឈឺចាប់ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ក្នុងការរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប សំខាន់ចំពោះចៅៗ ជំនាន់ក្រោយ ដែលជាអ្នកបន្តវេន បានយល់ដឹង និងដើមី្បកុំឲ្យរបបដ៏ព្រៃផ្សៃនេះ កើតមាននៅជាលើកទី២ លើទឹកដីមាតុភូមិយើងទៀត។ សម្តេចក៏បានឧទ្ទិសផងដែរ សូមឲ្យស្មារតីថ្ងៃជ័យ ជម្នះ៧មករា ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។

បន្ទាប់ពីគណៈអធិបតីធ្វើការប្រលែងព្រាប និងបង្ហោះប៉េងប៉ាងរួចមក គណៈប្រតិភូ ក៏បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងដែលមានជំងឺ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ដោយបាននាំយកអំណោយមួយចំនួនចែកជូនបងប្អូន នៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យយិធភូមិភាគទី៤ ផងដែរ៕