រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធធារាសាស្ត្រព្រែកពោធិ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


(កំពង់ចាម)៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធធារាសាស្ត្រព្រែកពោធិ នៅឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម ខ្លួត ចិន្តា អភិបាលរងខេត្តកំពង់ចាម ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី តំណាងដៃគូអភិវឌ្ឍន៍ និងទីប្រឹក្សាបច្ចេកទេស។

ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ មានប្រឡាយមេចំនួន ១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូចធំចំនួន ១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រ៧គ្រឿងចំនួនមួយកន្លែង។ ប្រព័ន្ធធារាសាស្ត្រនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបចំនួន ១៤ ៤២០ ហិកតា ក្នុងនោះផ្ទៃដីរដូវវស្សា ៧ ៦២០ ហិកតា និងផ្ទៃដីរដូវប្រាំងចំនួន ៦ ៨០០ ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសជួបជាមួយសហគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា គម្រោងប្រព័ន្ធធារាស្រ្តព្រែកពោធិនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយបំពាក់ដោយស្ថានីយបូមទឹកទំនើបបូមទឹកពីប្រភពទន្លេមេគង្គ ដែលមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ សម្រាប់បម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងនូវការកោតសរសើរដល់ក្រុមការងារបច្ចេកទេសសាងសង់ ដែលបានខិតខំធ្វើការ បើទោះជាជួបឧបសគ្គ និងបញ្ហាប្រឈមមួយចំនួនក្នុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ក៏ដោយ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមត្រូវបន្តតាមដាន និងបន្តសហការជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាឱ្យសំណង់នេះ មានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងការផ្តត់ផ្គង់ទឹកប្រើប្រាស់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងតំបន់។

គួរបញ្ជាក់ថា ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារវិនិយោគអឺរ៉ុប និងរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី DFAT និងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការសាងសង់ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តព្រែកពោធិមានគោលបំណង ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការឡើងកម្តៅនៃភពផែនដី និងធានាបាននូវសន្តិសុខទឹកសម្រាប់គ្រប់វិស័យ។ ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយមគ្រោងបើកវគ្គបណ្តុះបណ្តាលជូនដល់មន្រ្តីរាជការពាក់ព័ន្ធទាំងអស់ និងអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់កម្រិតអំពីវិធីសាស្រ្តប្រើប្រាស់ស្ថានីយបូមទឹកដ៏ទំនើបនេះ និងរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក(សកបទ) ដើម្បីដំណើរការប្រកបដោយនិរន្តរភាពលើប្រព័ន្ធធារាសាស្រ្តនេះផងដែរ៕