ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Christopher Findlay សាកលវិទ្យាធិការប្រតិបត្តិនៃសាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី


កាលពីរសៀលថ្ងៃទី២៥ ខែសីហាឆ្នាំ ២០១៧ នៅទីស្តីការក្រសួងពាណិ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់សាកលវិទ្យាល័យ Adelaide ដឹកនាំដោយលោកសាស្រ្តាចារ្យ Christopher Findlay សាកលវិទ្យាធិការប្រតិបត្តិ ដើម្បីធ្វើកិច្ចសហប្រតិបត្តិក្នុងការពង្រឹងការអភិវឌ្ឍន៍ធនធានមនុស្សរវាងក្រសួងពាណិជ្ជកម្ម និងសាកលវិទ្យាល័យ Adelaide។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យមានកិច្ចសហការឲ្យកាន់តែទូលំទូលាយថែមទៀតរវាងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) និងសាកលវិទ្យាល័យ Adelaide ក្នុងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី រយៈពេលមធ្យម រយៈពេលវែង និងការបណ្តុះបណ្តាលពីចម្ងាយ ដើម្បីកសាង ធនធានមនុស្សនៅកម្ពុជាឲ្យមានជំនាញក្នុងការចរចា កិច្ចសម្រួលពាណិជ្ជកម្ម គោលនយោបាយពាណិជ្ជកម្ម សហគមន៍សេដ្ឋកិច្ចអាស៊ាន។ល។ ព្រមទាំងការសិក្សាស្រាវជ្រាវរួមគ្នារវាងវិទ្យាស្ថាន TTRI និង Adelaide អំពីផលប៉ះពាល់ពាណិជ្ជកម្មសេរី សហការធ្វើការស្រាវជ្រាវរួមគ្នា អំពីសង្វាក់តម្លៃនៃផលិតផលកសិកម្ម ការផ្លាស់ប្តូរការសិក្សាទៅវិញទៅមក និងស្នើផ្តល់អាហារូបករណ៍ដល់កម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនផងដែរថា ក្រសួងពាណិជ្ជកម្ម នឹងសាងសង់ អាគារសម្រាប់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម (TTRI) ដែលមានទីតាំងនៅជាប់នឹងទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការបណ្តុះបណ្តាលឲ្យកាន់តែមានប្រសិទ្ធភាព និងសម្រាប់ផ្តល់កន្លែងស្នាក់នៅជូនសិក្ខាកាមដែលអញ្ជើញមកពីបណ្តាខេត្តផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីមានបំណងឲ្យអាគាររបស់វិទ្យាស្ថាននេះ ប្រកបដោយបច្ចេកវិទ្យា ដែលបម្រើឲ្យការបណ្តុះបណ្តាលពីចម្ងាយ និងការស្រាវជ្រាវ។
ជាការឆ្លើយតបសាស្រ្តាចារ្យ Christopher Findlay បានជម្រាប​ជូន​ឯកឧត្តមរដ្ឋមន្រ្តីថា សាកលវិទ្យាល័យ Adelaide នឹងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវនយោបាយនៅកម្ពុជា ហើយនឹងសហការជាមួយ វិទ្យាស្ថាន TTRI ក្នុងការបណ្តុះបណ្តាល និងស្រាវជ្រាវទាក់​ទង​នឹងពាណិជ្ជកម្ម។ យោងតាមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន TTRI នៃក្រសួងពាណិជ្ជកម្ម និងសាកលវិទ្យាល័យ Adelaide បានជ្រើសរើសមន្រ្តីក្រសួងពាណិជ្ជកម្ម ចំនួន ១៥នាក់ និងក្រសួងពាក់ព័ន្ធចំនួន ១៥នាក់ ចូល រួមកម្មវិធីបណ្តុះបណ្តាលពាណិជ្ជកម្មអន្តរជាតិ រយៈពេលពីរសប្តាហ៍ ដែលផ្តល់អាហារូបករណ៍ ដោយរាជរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី នៅខែកុម្ភៈ ឆ្នាំ២០១៨ ដែលកម្មវិធីនេះនឹងបន្តធ្វើឡើងជារៀងរាល់ឆ្នាំ ព្រមទាំងសើ្នសុំអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីចូលរួមជាគណៈអធិបតីក្នុងពិធីចែកសញ្ញាប័ត្រនៃកម្មវិធីនេះ។
លោកសាស្រ្តាចារ្យ Christopher Findlay បានបន្តថា សាកលវិទ្យា​ល័យ Adelaide និងផ្តល់អារូបករណ៍ ថ្នាក់បណ្ឌិតចំនួន ពីរ ០៣ ទៅ ០៥ កន្លែង សម្រាប់ឆ្នាំ២០១៨ ហើយបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលនៃការសម្ភាសជ្រើសរើស។ ជាមួយគ្នានេះដែរលោកសាស្រ្តាចារ្យ Christopher Findlay មានការប្តេជ្ញាក្នុងការចុះអនុស្សរណៈយោគយល់រវាងវិទ្យាស្ថាន TTRI នៃក្រសួងពាណិជ្ជកម្ម និងសាកលវិទ្យា​ល័យ Adelaide ឲ្យបានឆាប់ និងការចាប់ផ្តើមកម្មវិធីអនុបណ្ឌិតពាណិជ្ជកម្មអន្តរជាតិរួមគ្នា។