ការតាំងពិព័រណ៌រូបថតតំបន់អង្គរនៅតំបន់ភ្នំហ័ងសាននៃសាធារណៈរដ្ឋប្រជាមានិតចិនបានសម្ពោធជាផ្លូវការហើយ


រូបថតតំបន់អង្គរចំនួន១០០ផ្ទាំង ដែលបង្ហាញអំពីប្រាង្គប្រាសាទ បរិស្ថាន និងប្រពៃណី ទំនៀមទម្លាប់ប្រជាជនអ្នកស្រុកអង្គរ ត្រូវបានសម្ពោធដាក់តាំងពិព័រណ៌ជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នេះ ក្រោមអធិបតីភាព ឯកឧត្តម Kong Xiahong អភិបាលក្រុងហ័ងសាន ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងលោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប នៅសណ្ឋាគារ Xihai លើកំពូលភ្នំហ័ងសាន ខេត្តអានហ៊ុយ សាធារណៈរដ្ឋប្រជាមានិតចិន។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម Kong Xiahong អភិបាលក្រុងហ័ងសាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកម្ពុជា និងបានលើកឡើងពីចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងក្រុមការងារអាជ្ញាធរជាតិអប្សរា ដែលបានសហការយ៉ាងល្អជាមួយគណៈកម្មាធិការរដ្ឋបាលរមណីយដ្ឋានហ័ងសាន ក្នុងឋានៈជាដៃគូកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាស្ថាប័នគ្រប់គ្រង់តំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដូចគ្នា។
ឯកឧត្តម សុខ សង្វារ ក៏បានថ្លែងអំណរគុណចំពោះអភិបាលក្រុងហ័ងសាន និងគណៈកម្មាធិការរដ្ឋបាលរមណីយដ្ឋានហ័ងសាន ដែលបានទទួលស្វាគមន៍ប្រតិភូប្រកបដោយភាពកក់ក្តៅបំផុត ជាពិសេសការរៀបចំកម្មវិធីសម្ពោធការតាំងពិព័រណ៌រូបថតតំបន់អង្គរនៅពេលនេះ។ ឯកឧត្តមក៏បានរំឭកអំពីចំណងមិត្តភាពដ៏ល្អរវាងរដ្ឋាភិបាលកម្ពុជា-ចិន និងបានរំឭកអំពីប្រវត្តិនៃការភ្ជាប់ទំនាក់ទំនងគ្នាតាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរក្សានិងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបំផុតនៃប្រជាជននិងរដ្ឋាភិបាលប្រទេសទាំងពីរ។ ឯកឧត្តមក៏បានលើកឡើងអំពីកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នផ្សេងៗជាច្រើនរបស់ចិន ទៅលើផ្នែកជួសជុលប្រាសាទ ការអភិវឌ្ឍកសិកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍទេសចរណ៍។
ឯកឧត្តមក៏បានលើកឡើងអំពីកិច្ចសហការយ៉ាងជិតស្និតរវាងអាជ្ញាធរជាតិអប្សរា និងគណគណៈកម្មាធិការរដ្ឋបាលរមណីយដ្ឋានហ័ងសាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយស្ថាប័នទាំងពីរបានចុះអនុស្សារណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ និងបានរៀបចំតាំងពិព័រណ៌តំបន់ភ្នំហ័ងសាន នៅប្រាសាទបន្ទាយស្រី រយៈពេលបីខែ កាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅ ហើយពេលនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំការតាំងពិព័រណ៌រូបថតតំបន់អង្គររយៈពេលបីខែដូចគ្នា នៅលើកំពូភ្នំហ័ងសាន ដែលជាតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយរបស់ចិន។
ការរៀបចំតាំងពិព័រណ៌នេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍អង្គរ និងវប្បធម៌ទំនៀមទម្លាប់របស់ខ្មែរ ទៅកាន់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន ហើយក្រុមការងារជឿជាក់ថានឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាតំបន់អង្គរឱ្យកាន់តែច្រើនឡើងថែមទៀត៕