ក្រសួងការបរទេសកម្ពុជា និងបែលហ្ស៉ិក បើកកិច្ចពិគ្រោះប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១


(ភ្នំពេញ)៖ កិច្ចពិគ្រោះប្រជុំពិគ្រោះយោបល់ទ្វេភាគី លើកទី១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសបែលហ្ស៊ិក ត្រូវបានរៀបចំឡើង នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ នេះបើតាមការផ្សាយរបស់ក្រសួងការបរទេសកម្ពុជា។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ចែម វីឌ្យ៉ា និង លោក ហ្វ្រង់ស័រ ដឺឡាយ៉េ (François DELHAYE) នាយកទទួលបន្ទុកអាស៊ី និងអូសេអានី។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានលើកឡើងអំពីការអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចនៃប្រទេសរៀងៗខ្លួន ហើយប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងពិភពលោកមួយចំនួន ដែលជាកង្វល់រួម។

មន្ត្រីជាន់ខ្ពស់ទាំងពីរបានឯកភាពថា យន្តការពិគ្រោះយោបល់ទ្វេភាគីមានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រទាក់ក្រឡាគ្នារវាងក្រសួងការបរទេសទាំងពីរ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចពិគ្រោះយោបល់លើកទី ២ នៅទីក្រុងព្រុចសែល តាមពេលវេលាសមស្រប៕