សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅឆ្នាំ៩០ជាង សឹងតែគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ ការសរសេរផែនការពឹងលើអ្នកជំនាញពីអង្គការដៃគូអភិវឌ្ឍន៍ តែឥឡូវនេះគ្រប់ផែនការទាំងអស់ គឺសរសេរដោយកូនខ្មែរ


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញនូវក្តីរីករាយដែលកម្ពុជា មានធនធានមនុស្សកាន់តែច្រើន ដែលអាចពង្រឹងភាពម្ចាស់ការឯករាជ្យ ដោយមិនចាំបាច់ពឹងផ្អែកលើបរទេសតទៅទៀត។

ជាក់ស្តែងសម្តេចបានលើកឡើងកាលពីកំឡុងឆ្នាំ៩០ជាង (១៩៩០) ពេលនោះសឹងតែគ្រប់ក្រសួងស្ថាប័នរដ្ឋ ពឹងផ្អែកអ្នកជំនាញរបស់អង្គការដៃគូអភិវឌ្ឍន៍ ជាអ្នកសរសេរផែនការឱ្យ ប៉ុន្តែមកដល់បច្ចុប្បន្ន គ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ ទាំងថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ការសរសេរផែនការ គឺត្រូវបានសរសេរដោយកូនខ្មែរ មន្ត្រីខ្មែរទាំងអស់។

ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំ៩០ជាង ខ្ញុំចាំសឹងតែគ្រប់ក្រសួងស្ថាប័នទាំងអស់ ពេលនោះសរសេរផែនការ គឺយើងពឹងអ្នកជំនាញពីខាង IMF, World Bank ច្រើន ឥឡូវរាល់ផែនការរបស់យើង គឺកូនខ្មែរ មន្ត្រីខ្មែរអ្នកធ្វើ តាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ អ្នកណាថាកម្ពុជាពឹងលើប្រទេសនេះ ប្រទេសនោះ ទៅមើលទៅ ការគ្រប់គ្រង រៀបចំផែនការ ដឹកនាំកសាង អនុវត្តផែនការរបស់យើងគ្រប់វិស័យទាំងអស់ ទាំងឯកជន ទាំងរដ្ឋ សមត្ថភាពកូនខ្មែរយើង ដែលភាគច្រើនទទួលការបណ្តុះបណ្តាលក្នុងប្រទេស ៤០ឆ្នាំមកនេះ ពិតណាស់មានកូនខ្មែរមួយចំនួន បានទៅបណ្តុះបណ្តាលក្រៅប្រទេស ជាអាហារូបករណ៍រៀនថ្នាក់ឧត្តមសិក្សា តែភាគីច្រើនទទួលបានការបណ្តុះបណ្តាលក្នុងប្រទេសនោះ ហើយជាភាពម្ចាស់ការឯករាជ្យដែលយើងត្រូវពង្រឹង»

បន្ថែមលើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា កាលពីឆ្នាំ៩០ជាង កម្ពុជាអាចទាញវិនិយោគមកបណ្តាក់ទុនរកស៉ីនៅកម្ពុជា សម្រាប់តែការវិនិយោគណា ប្រើប្រាស់កម្លាំងពលកម្ម ដែលមានជំនាញទាបនោះទេ ដូចជាកាត់ដេរជាដើម ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាអាចទាញការវិនិយោគកម្រិតធ្ងន់ បច្ចេកវិទ្យា។

សម្តេចបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេច និងរដ្ឋមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន បានប្រជុំដាក់ចេញផែនការមួយចំនួន អំពីការរៀបចំអនាគត ដើម្បីទាញនូវវិស័យឧស្សាហកម្ម ឌីជីថល និងផ្សេងៗទៀត ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយដើម្បីទាក់ទាញពួកគេមកវិនិយោគបាន ដោយសារយើងមានធនធានមនុស្ស ដែលនេះជាការធានានូវការប្រកួតប្រជែង និងភាពម្ចាស់ការរបស់យើង៕