សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មនុស្សដែលដឹងថា ខ្លួនឯងខ្សោយកម្រិតណា ហើយខិតខំរៀនពង្រឹងចំណុចខ្សោយខ្លួនឯង ទើបជាមនុស្សជោគជ័យ


(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យតម្លៃខ្ពស់ទៅលើការស្គាល់ខ្លួនឯងច្បាស់លាស់ និងខិតខំរៀនសូត្រពង្រឹងចំណុចខ្សោយ ដោយសម្តេចបានចាត់ទុកថា បុគ្គលដែលស្គាល់ខ្លួនឯងស្ថិតនៅកម្រិតណា ហើយធ្វើការអភិវឌ្ឍបន្តបន្ទាប់មិនឈប់ នឹងនាំទៅដល់ភាពជោគជ័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យនេះប្រមាណជាង៥ពាន់នាក់។

សម្តេចបញ្ជាក់ថា៖ «រៀនពីខ្លួនឯងសំខាន់ណាស់ ហេតុអ្វីបានជាខ្ញុំនិយាយអញ្ចឹង ព្រោះខ្ញុំខ្លួនឯងនៅហ្នឹង ខ្ញុំមានអ្នកធ្វើការឱ្យខ្ញុំរាប់រយនាក់គ្រប់វិស័យ អ្នកដែលលូតលឿនជោគជ័យ គឺចេះរៀនពីខ្លួនឯង រៀនពីកំហុសខ្លួនឯង ចាប់យល់អំពីចំណុចខ្សោយខ្លួនឯង ហើយខិតខំស្រាវជ្រាវកែសម្រួល បើគ្មានឆន្ទៈ គ្មានការទទួលស្គាល់ចំណុចខ្សោយខ្លួនឯងទេ គេបង្រៀនទាល់តែស្លាប់ក៏មិនចេះដែរ»

សម្តេចធិបតី បានលើកឡើងថា ការរៀនសូត្រដោយខ្លួនឯង គឺអាចធ្វើបាននៅគ្រប់កន្លែង គ្រប់ពេលវេលា ជាមួយគ្រូ និងជាមួយមនុស្សជុំវិញ។ ការចេះដាក់ខ្លួនដោយធ្វើជាមនុស្សល្ងង់ នឹងនាំឱ្យចេះកាន់តែច្រើន។ បន្ថែមពីនេះ ក៏ត្រូវចេះលើកទឹកចិត្តដល់ខ្លួនឯងផងដែរ។

«គ្រូឬអ្នកដទៃ ឱកាសរៀនសូត្រនៅជុំវិញខ្លួនទាំងអស់ សំខាន់យើងចេះមើលឬអត់? យើងចេះចាប់អត់?»។ «មិនមានអ្វីដែលចេះដោយមិនរៀនទេ ដាក់ខ្លួនថា យើងល្ងង់ច្រើនចេះកាន់តែច្រើន សូមជឿខ្ញុំចុះ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ សម្តេចធិបតី។

សម្តេចបានរំលឹកទៀតថា កន្លងទៅសម្តេចធ្លាប់សាកល្បងសួរទៅកាន់មនុស្សជុំវិញសម្តេច ក្នុងនោះក៏មានជំនួយការរបស់សម្តេចផងដែរ ហើយក្នុងចំណោមនោះមានអ្នកដឹងអំពីចំណុចខ្សោយខ្លួនឯងស្ថិតនៅត្រង់ចំណុចណា ដែលអ្នកដែលបានដឹងអំពីកម្រិតខ្លួនឯងនេះ គឺជាអ្នកដែលជោគជ័យ៕