អភិបាលខេត្តត្បូងឃ្មុំ បន្តជួបសួរសុខទុក្ខ នាំយកស្បៀងអាហារ និងថវិកាឧបត្ថម្ភផ្តល់ជូនកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារទប់ស្កាត់ការឈូសឆាយទន្ទ្រានតំបន់ដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ


(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បន្តដឹកនាំក្រុមការងារគណៈកម្មាការទប់ស្កាត់ការឈូសឆាយទន្រ្ទានដីព្រៃលិចទឹកខេត្ត អញ្ជើញបន្តជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងបន្តចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ទៅឧបត្ថម្ភផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធចម្រុះ ដែលកំពុងឈរជើងនៅមូលដ្ឋានចំនួន៤ទីតាំង នៅតំបន់ដីព្រៃលិចទឹកចំណុច ក្របីក្រៀគ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ជួបសំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បាននាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកង កម្លាំងចម្រុះ ទាំងអស់ ដែលកំពុងឈរជើងការពារនៅតាមគោលដៅរៀងខ្លួន បើទោះបីជាទីតាំងទាំងនេះ មានភាពស្មុគស្មាញ និងមានការលំបាក់ជាច្រើន ប៉ុន្តែកងកម្លាំងនៅតែខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាទប់ស្កាត់ការពារតំបន់ទាំងនេះ ឲ្យនៅគង់យូរអង្វែងទុកសម្រាប់តកូនចៅជំនាន់ក្រោយ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបន្តថា ពាក់ព័ន្ធនឹងដីអភិរក្សនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនេះ រាជរដ្ឋាភិបាល ធ្លាប់បានកាត់ឆ្វៀលជូនប្រជាពលរដ្ឋរួចរាល់ហើយ សម្រាប់កន្លែងដែលអាស្រ័យផល ជាក់ស្តែង។ រាជរដ្ឋាភិបាលក៏បានហាមផ្តាច់មិនឱ្យមានការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកនៅក្នុងតំបន់ទាំងនោះបន្តទៀតឡើយ។

ក្នុងតំបន់ដីព្រៃលិចទឹក ដែលជាជម្រកសម្រាប់ត្រីពងកូន ដ៏មានសារៈសំខាន់នៅក្នុងរដូវវស្សានេះ បើដីព្រៃលិចទឹកនេះ ត្រូវបាត់បង់វាក៏នឹងប៉ះពាល់ដល់ជីវៈចម្រុះជាច្រើនប្រភេទក្នុងបឹងទន្លេសាបផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់កម្លាំងចម្រុះទាំងអស់ ចុះល្បាតជាប្រចាំនៅតាមគោលដៅនីមួយៗ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹក ដែលជាសម្បត្តិរបស់រដ្ឋនេះ ២៤ម៉ោងលើ២៤ម៉ោង តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ហើយបើមានការប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវតែចាប់ខ្លួនភ្លាមៗ ដោយបន្តស្រាវជ្រាវវែកមុខរកជនពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋណាដែលគ្មានដីពិតប្រាដក សូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីអោយអាជ្ញាធរមូលដ្ឋានរាយការណ៍មករដ្ឋបាលខេត្ត និងរៀបចំដីកន្លែងណាមួយ ជូនដល់បងប្អូនអោយបានទាន់ពេលវេលា ហាមដាច់ខាត់មិនអោយមកទន្ទ្រានដីព្រៃលិចទឹកឡើយ។

ម្យ៉ាងទៀតមានតែបងប្អូនជាប្រជាពលរដ្ឋនៅក្នុងតំបន់នេះហើយ ដែលជាភ្នែក ជាច្រមុះ ប្រសិនជាឃើញមានតំបន់ណា ទីតាំងណា មានការទន្ទ្រានដីព្រៃលិចទឹក សូមរាយការណ៍ជាបន្ទាន់មកដល់កំលាំងប្រដាប់អាវុធ ពាក់ព័ន្ធទាំងអស់ ដើម្បីចុះបង្រ្កាប់អោយទាន់ពេលវេលាផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណូមពរដល់អាជ្ញាធរ ក៏ដួចជាប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រាន ទៅលើដីព្រៃលិចទឹកនៅ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារនេះទាំងអស់គ្នា ដើម្បីអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះនានា ឱ្យបានគង់វង្ស ទុកសម្រាប់បម្រើជាឧត្តមប្រយោជន៍សាធារណៈ៕