សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលគ្រប់អាណត្តិ ផ្តោតលើគោលដៅចំនួន២ គឺពង្រីកសមិទ្ធផលវិជ្ជមានជូនពលរដ្ឋ និងខិតខំវាយតម្លៃកែលម្អកាត់បន្ថយរឿងអវិជ្ជមាន


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិទាំងអស់ បានផ្តោតទៅលើគោលដៅធំ២ គឺទី១៖ ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមជូនប្រជាពលរដ្ឋ និងទី២៖ ខិតខំវាយតម្លៃ កែលម្អកាត់បន្ថយរឿងអវិជ្ជមាន។

ការថ្លែងបែបនេះរបស់សម្តេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទីទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និង ប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត បានលើកឡើងថា ការខិតខំនៅក្នុងការពង្រឹង និងពង្រីកសមិទ្ធផលផ្សេងៗជូនប្រជាពលរដ្ឋ ជាពិសេសនៅមូលដ្ឋាន គឺជាគោលដៅធំរបស់រាជរដ្ឋាភិបាល។

ប្រមុខនៃរាជរដ្ឋាភិបាល ក៏តែងតែលើកឡើងថា អ្វីៗដែលសំខាន់វាមិនមែនស្ថិតនៅលើក្រដាសនោះទេ តែអ្វីដែលស្ថិតនៅលើលទ្ធផលជាក់ស្ដែងនៅលើដី ហើយលទ្ធផលនេះ គឺផ្អែកលើមូលដ្ឋានតែម្តងនោះគឺមូលដ្ឋានគ្រឹះនៅតាមភូមិ-ឃុំ និងស្រុក អត់មានអ្នកណារស់នៅទីក្រុង អត់មានរស់នៅក្នុងភូមិនោះទេ។ សូម្បីតែនៅរាជធានី ក៏ចាប់ផ្តើមចេញពីភូមិ បន្ទាប់មកសង្កាត់ ខណៈក្រុងជាបណ្តុំកម្រិតខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានន្ថែមថា ការពង្រឹងឱ្យចំគោលដៅតែម្តង គឺទៅដល់ភូមិ ឃុំ សង្កាត់ ខណ្ឌ ដូច្នេះ ការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅតាមភូមិ ឃុំ សង្កាត់ ខណ្ឌ ជារឿងសំខាន់ខ្លាំងណាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាល គ្រប់អាណត្តិទាំងអស់ ហើយគ្រប់កន្លែងទាំងអស់ គ្រប់ពេលទាំងអស់ ផ្តោតទៅលើគោលដៅធំ២ ទី១៖ ពង្រីកសមិទ្ធផលវិជ្ជមាន​បន្ថែមជូនប្រជាពលរដ្ឋ ទី២៖ ខិតខំវាយតម្លៃ កែលម្អកាត់បន្ថយរឿងអវិជ្ជមាន តែពីរហ្នឹង ធ្វើតែពីរហ្នឹងបាន គឺបូកចូលគ្នា គឺផលវិជ្ជមានច្រើន»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឡើងបន្ថែម បើធ្វើតែគ្រាន់តែធ្វើដើម្បីពង្រីកសមិទ្ធផលវិជ្ជមាន ហើយមិនកាត់បន្ថយនូវអ្វីដែលជាបញ្ហានោះវាជារឿងជាបញ្ហាលំបាកដែលពេលខ្លះដូចវែកចកអញ្ចឹង។ ហើយពេលខ្លះវាទាញផលវិជ្ជមានមិនឱ្យទៅល្បឿនលឿន ហើយបើយើងផ្ដោតតែទៅលើការដោះស្រាយបញ្ហាអវិជ្ជមាន ផ្តោតតែទៅលើការដោះស្រាយបញ្ហា ភ្លេចពង្រីកនូអ្វីដែលវិជ្ជមាន តម្រូវការប្រជាពលរដ្ឋរីកជាប្រចាំ ដូច្នេះត្រូវឆ្លើយតបទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវគោលនយោបាយ គឺបន្តនិរន្តរភាព និងសង្គត់ភាពនៃគោលនយោបាយដែលបានអនុវត្តន៍ពីមុនមក ជាពិសេសពីអាណត្តិទី៦៕