សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា


នៅនិវេសនដ្ឋាននៃស្ថានទូតជប៉ុនប្រចាំកម្ពុជា នារាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបសំណេះសំណាល និងពិសាអាហារពេលល្ងាច តបតាមការអញ្ជើញរបស់ ឯកឧត្តម​ ឯកឧត្តម អ៊ូអិណុ​ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក និងបានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តម អញ្ជើញចូលរួមទទួលទានអាហារពេលល្ងាចជាមួយគ្នា។

ក្នុងជំនួបនោះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ជប៉ុន គឺជាមិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម ការគោរពគ្នាទៅវិញទៅមក ការជឿជាក់ និងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សម្តេចរដ្ឋសភាធិបតី និងឯកអគ្គរាជទូតជប៉ុន ក៏បានយកឱកាសនេះពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាជុំវិញវិស័យនយោបាយ ស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្តលើឆាកនយោបាយ វិស័យអប់រំ កិច្ចការព័ត៌មាន ពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងស្ថានការណ៍ភូមិសាស្ត្រនយោបាយទាំងក្នុងតំបន់ និងសកលលោក។

ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងក្តីរីករាយ និងអបអរសាទរចំពោះវឌ្ឍនភាពនៃការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ចាប់តាំងពីដំណាក់កាលចរចាស្វែងរកសន្តិភាព រហូតដល់ដំណើរការស្តារប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីសង្រ្គាមស៊ីវិល រហូតទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដូចសព្វថ្ងៃ។

ឆ្លើយតបនឹងការលើកឡើងរបស់ឯកអគ្គរាជទូតជប៉ុន សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការអភិវឌ្ឍរបស់កម្ពុជាគ្រប់វិស័យមកទល់សព្វថ្ងៃនេះ មិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភ ជ្រោមជ្រែង និងគាំទ្រដ៏ធំធេង​ និងមានតម្លៃពីមិត្តជប៉ុនបានឡើយ ទាំងជំនួយផ្នែកហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស និងធនធានមនុស្សជាដើម​។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ទៀតថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យ ព្រះបាទ នរោត្តម​ សីហនុ “ព្រះបរមរតនកោដ្ឋ” សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងព្រះចៅអធិរាជជប៉ុន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជប៉ុននានា រហូតដល់ពេលបច្ចុប្បន្ន។

ជាមួយនឹងទំនាក់ទំនងដ៏ល្អនេះ ភាគីទាំងពីរបានរំលឹកឡើងវិញនូវដំណើរទៅកាន់ប្រទេសជប៉ុនរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីដើមឆ្នាំនេះ ដែលនាពេលនោះ​ សម្តេចតេជោ បានជួបឯកឧត្តម ហ្វីមីអូ គីស៉ីដា នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម កូមួរ៉ា ម៉ាសាហ៊ិកូ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត។

សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវក្តីរីករាយ និងអំណរគុណចំពោះការអញ្ជើញនេះ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានអរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ ឯកឧត្តម ឯកអគ្គរាជទូត ដែលបានអញ្ជើញចូលរួមរំលែកទុក្ខដោយផ្ទាល់ចំពោះមរណភាពរបស់ប្អូនប្រុសបង្កើតរបស់សម្តេច កាលពីខែមីនា កន្លងទៅថ្មីៗនេះ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ គោរពឱ្យតម្លៃ និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារសម្តេច៕