អភិបាលខេត្តពោធិ៍សាត់ ស្នើកម្លាំងប្រចាំការនៅតំបន់អភិវឌ្ឍន៍ ភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ត្រូវសហការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើសព្រៃឈើ


(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានស្នើកម្លាំងដែលប្រចាំការនៅតំបន់អភិវឌ្ឍន៍ ភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើសព្រៃឈើគ្រប់ប្រភេទ ពិសេសនៅតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

ឯកឧត្តមអភិបាលខេត្ត បានស្នើបែបនេះ ក្នុងឱកាសចុះសួរសុខទុក្ខ និងពិនិត្យដោយផ្ទាល់ ជុំវិញកិច្ចការងារដែលអនុវត្តន៍កន្លងមក របស់កម្លាំងសន្តិសុខដែលប្រចាំការ នៅតំបន់អភិវឌ្ឍន៍ ភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង និងកម្លាំងស្នាក់ការស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើ ដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា បានថ្លែងថា ផ្អែកតាមការពិនិត្យជាក់ស្តែង ឃើញថាមានបទល្មើសកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ តាមរទះគោ រទះក្របី និងគោយន្ត ដែលកើតមានជាបន្តបន្ទាប់ ចេញពីតំបន់ការពារធម្មជាតិ នៃដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់។ កត្តាទាំងនេះ ធ្វើឱ្យជិះឥទ្ធិពលមិនល្អ មកលើថ្នាក់ដឹកនាំ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងមានបម្រែបម្រួលអាកាសធាតុ។ លោកសូមស្នើដល់កម្លាំងប្រចាំការ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាចូលរួម ការពារ បង្ក្រាប និងទប់ស្កាត់ឱ្យខាងតែបាន ចំពោះជនល្មើសទាំងឡាយទាំងពួង ព្រមទាំងត្រៀមដាំស្តារព្រៃឈើឡើងវិញ ទៅតាមលទ្ធភាព។

ឯកឧត្តមអភិបាលខេត្ត ក៏សូមឱ្យគ្រប់កម្លាំងសមត្ថកិច្ច ត្រូវពង្រឹងការអនុវត្តន៍ច្បាប់ ឱ្យបានហ្មត់ចត់ និងម៉ឺងម៉ាត់ ដែលជាទំនុកចិត្តរបស់ថ្នាក់ដឹកនាំ និងជាការឆ្លើយតប តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានប្រគល់ជូនថវិកា និងសម្ភារមួយចំនួន ដល់កម្លាំងសន្តិសុខដែលប្រចាំការ នៅតំបន់អភិវឌ្ឍន៍ ភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង និងកម្លាំងស្នាក់ការស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើ ដំណាក់ត្រយឹង ព្រមទាំងនាំយកទេយ្យវត្ថុ​ ជាគ្រឿងឧបភោគ​បរិភោគ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ ក្នុងវត្តដំណាក់ត្រយឹង ដែលជាវត្តទើបកកើតថ្មី កំពុងជួបនូវការខ្វះខាតផងដែរ៕