(ភ្នំពេញ)៖ បន្ទាប់ពីការតាក់តែងវិញ្ញាសារកាលពីព្រឹករួច នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ គណៈកម្មការការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមបើកវិញ្ញាសាដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង។
ការបើកដំណើរការប្រឡងនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសង្កេតការណ៍ដែលមកពីសាកលវិទ្យាល័យនានា មហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។ ការប្រឡងប្រជែងនារសៀលពេលនេះ នឹងមានការបែងចែកចេញជា ២វេនផ្សេងគ្នា ដោយក្នុងមួយវេនៗ មានបេក្ខជនចូលរួមប្រឡងផ្សេងគ្នា ឯកទេសផ្សេងគ្នា និងវិញ្ញាសាផ្សេងគ្នាពីវេនទី១។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បានឲ្យដឹងថា នេះជាលើកទី៦ហើយ ដែលក្រសួងមុខងារសាធារណៈ ដឹកនាំរៀបចំការប្រឡងជ្រើសរើសមន្ដ្រីរាជការ។ ដោយឡែក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យនេះ ធ្វើឡើងរយៈពេល៤ថ្ងៃ (ដើម្បីសម្រាំងបេក្ខជន) ដែលមានបេក្ខជនចូលរួមចំនួន ៣៣,៣១៤នាក់ និងប្រើប្រាស់មណ្ឌលប្រឡងចំនួន៣មណ្ឌល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ឯកឧត្តមបានអះអាងថា នេះជាលើកទី៦ ដែលគណៈកម្មការរៀបចំការប្រឡង ទោះបីធ្លាប់អនុវត្ត៥ដងយ៉ាងណាក្ដីដោយ ប៉ុន្ដែពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ គឺមានការដកស្រង់បទពិសោធន៍ ពិគ្រោះយោបល់ពីគ្រប់ភាគីតែម្ដង ដើម្បីធ្វើយ៉ាងណាមិនមើលស្រាលទៅលើស្ថានភាពនោះទេ ពោលត្រូវមានការប្រុងប្រយ័ត្នជាបន្ដបន្ទាប់។
បើតាមឯកឧត្តម ហ៊ុន ម៉ានី ចំពោះការរៀបចំលើកទី៦នេះ គឺមានការគិតគូរជាជំហានៗបន្ថែមទៀត ដែលក្នុងនោះ មានដូចជាការបង្កើនអនុគណៈកម្មការត្រួតពិនិត្យវាយតម្លៃ ដើម្បីធ្វើយ៉ាងណាអាចសិក្សាពីប្រព័ន្ធ និងចរន្ដធ្វើការងារជាដើម។ ដើម្បីធានាថា ការប្រឡងត្រូវប្រព្រឹត្តទៅប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះ គឺជាប់ ជាប់ដោយមោទនៈ មិនជាប់ដោយអស់ចិត្ត»។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ទោះបីលើកនេះជាលើកទី៦ ដែលគណៈកម្មការរៀបចំការប្រឡង ទោះបីយើងធ្លាប់អនុវត្ត៥ដងយ៉ាងណាក្ដីដោយ ប៉ុន្ដែពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ គឺយើងមានការដកស្រង់បទពិសោធន៍ ពិគ្រោះយោបល់ពីគ្រប់ភាគីតែម្ដង ដើម្បីធ្វើយ៉ាងណាមិនមើលស្រាលទៅលើស្ថានភាពនោះទេ គឺយើងត្រូវមានការប្រុងប្រយ័ត្ន ជាបន្ដបន្ទាប់។ ចំពោះការរៀបចំលើកទី៦នេះ គឺយើងមានការគិតគូរជាជំហានៗបន្ថែមទៀត ដែលក្នុងនោះយើងបង្កើនអនុគណៈកម្មការត្រួតពិនិត្យវាយតម្លៃ ដើម្បីធ្វើយ៉ាងណាអាចសិក្សាពីប្រព័ន្ធ និងចរន្ដធ្វើការងាររបស់យើង»។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ដ្រីបច្ចេកទេស និងសមាជិកគណៈកម្មការប្រឡង និងអនុគណៈកម្មការទាំងអស់ ដែលគ្រប់ភាគីទាំងអស់ពិតជាមានការគិតគូរ និងខិតខំប្រឹងប្រែងមែនទែន ដើម្បីហើយស្របតាមអ្វីដែលជាការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ មថ្លែងអំណរគុណដល់ក្រសួងអប់រំ ក្រសួងសេដ្ឋកិច្ច ACU និងមន្ដ្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អ។
ឆ្លើយតបនឹងបញ្ហាកើនឡើងកម្ដៅ និងការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, នៅទីតាំងមណ្ឌលប្រឡង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ បានរៀបចំបាញ់ទឹក និងចំកន្លែងផ្ដល់ទឹកសម្រាប់បេក្ខជនទាំងអស់អាចទទួលទានដោយមិនគិតថ្លៃ។ ក្នុងន័យនេះ លោក ហ៊ុន ម៉ានី បានជូនពរដល់បេក្ខជនទាំងអស់ ឲ្យទទួលបានជោគជ័យក្នុងការប្រឡង ក៏ដូចជាយកឱកាសដែលរាជរដ្ឋាភិបាលបានផ្តល់ជូនស្មើៗគ្នានេះ បញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិលរបស់កម្ពុជាម្នាក់ប្រកបដោយគុណភាព៕